ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមរឹតបន្តឹងការពង្រឹងការគ្រប់គ្រងវត្តមាន មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅតាមក្រសួង ស្ថាប័ន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំស្តីពី ការពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម  ហ៊ុយ សារ៉ាវុធ រដ្ឋលេ​ខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ហែម មគ្គផល អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី២៨ ខែមក រា ឆ្នាំ២០២០ នេះ។

ឯកឧត្តម ហ៊ុយ សារ៉ាវុធ ថ្លែងថា​ កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងដើម្បីពង្រឹង ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាដើម្បីលើកកម្ពស់វិន័យការងារ មនសិការវិជ្ជាជីវៈ និងគុណផលការងារក្នុងរដ្ឋបាលសាធារណៈ ក្នុងគោលដៅវាយតម្លៃ ធ្វើសេចក្តីសន្និដ្ឋាន និងផ្តល់អនុសាសន៍ពីភាពសកម្ម ភាពអសកម្ម ក៏ដូចជាភាពមិនប្រក្រតី ក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅតាមអគ្គនាយកដ្ឋានចំណុះ ក្រសួងព័ត៌មាន។

ឯកឧត្តម ហែម មគ្គផល បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវតែគោរពវិន័យការងារទាំងពេលចូលពេល ចេញពីការងារឱ្យបានត្រឹមត្រូវហើយពេល មកដល់ដំបូងត្រូវតែចុះវត្តមានជាមុន ចាំធ្វើការងារ តាមកន្លែងរៀងៗខ្លួន។  ឯកឧត្តមបន្តថា អង្គភាពទាំងអស់ ទាំងថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែធ្វើបញ្ចីវត្តមាន បើអត់ធ្វើ វត្តមានទេ គឺបានន័យថាអត់គោរពលិខិតបទដ្ឋានការងារ។ បញ្ជីវត្តមានសំខាន់បំផុត នៅកន្លែងការងារ កុំថាឡើយវិស័យសាធារណៈ វិស័យឯកជនក៏អញ្ចឹងដែរ។ អនុក្រឹត្យ លេខ៥៦ របស់រាជរដ្ឋាភិបាលបានចែងច្បាស់ការគ្រប់គ្រងវត្តមានជាការសំខាន់ ដែលអង្គភាព នីមួយៗត្រូវរៀបចំការស្រង់វត្តមាន ហើយនៅតាមការិយាល័យមួយត្រូវមានមួយ ព្រោះគេចង់ដឹងថា តើមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារបស់រដ្ឋមកបំពេញការងារដែរ ឬទេ។ កាលណាមានបៀវត្សរ៍ ត្រូវតែមានពលកម្ម តែបើអត់មកធ្វើការងារ មិនអាចបើក ប្រាក់ខែបានទេ គេនឹងបង្កក។ មន្ត្រីរាជការត្រូវធ្វើការងារ៨ម៉ោង ក្នុងមួយថ្ងៃ ឬ៤០ម៉ោង ក្នុងមួយសប្តាហ៍ បើយើងឈប់អវត្តមានត្រូវមានច្បាប់ សុំការអនុញ្ញាតពីប្រធានរបស់ខ្លួន ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ហើយបើឈឺត្រូវមានសំបុត្រពេទ្យ។ ឯកឧត្តមបន្ថែមថា នេះជាច្បាប់ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ៥៦ ស្តីពីបទដ្ឋានការងារ។

ឯកឧត្តមបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០-២០៣០ កម្ពុជាយើងចង់ក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ ត្រូវ មានការសហការគ្នា ទាំងរដ្ឋបាលថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែរួមគ្នាអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ទើបយើងឈានទៅសម្រេច បាននូវចក្ខុវិស័យដ៏ធំធេងរបស់ រាជរដ្ឋាភិបាលដែលយើងរំពឹងទុក។ យើងត្រូវពង្រឹង វិន័យការងារ បើសិនជាមន្ត្រីរបស់យើង នៅតែបន្តមិនអនុវត្តន៍ច្បាប់ការងារទេ យើងមាន គោលការណ៍ ធ្វើរបាយការណ៍អធិការកិច្ច ទៅលើភាពសកម្មភាពអសកម្ម ភាពមិនប្រក្រតី នៃការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាទៅតាមច្បាប់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តន៍ការងារទេ យើងនឹងឱ្យ ប្រធានអង្គភាព ឬក្រសួងសាមី ពិចារណាដាក់ទណ្ឌកម្មតាមកម្រិតទី១ ទី២ ទី៣  ទៅតាម ច្បាប់ដែលបានចែង៕

ដោយ ប៉ាល់ សុង