មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ចែកម៉ាស់ ៦.០០០ ដល់សិស្សសនុសិស្ស ស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — លោក ស្រី អ៊ូច សោភា ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើការ ណែនាំ និងចែកម៉ាស់ចំនួន ៦.០០០ ជូនដល់សិស្សានុសិស្សនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅសាលាវិទ្យាល័យហ៊ុន សែន វាលរេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន។

លោក ស្រី អ៊ូច សោភា ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ដើម្បីការពារពីជំងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មី វីរុស ការ៉ូណា ប្អូនៗជាសិស្សានុសិស្ស ត្រូវលាង សម្អាត ដៃ អនាម័យដោយប្រើសាប៊ូ ឬអាល់កុលហ្សែល និងជៀសវាងប៉ះពាល់ភ្នែក ច្រមុះ មាត់ ហើយនៅពេលក្អក ឬកណ្តាស់ត្រូវយក ដៃ ឬកន្សែងខ្ទប់មាត់ និងច្រមុះ រួចយក ទៅ បោះចោលក្នុងធុងសំរាម ត្រូវពាក់ម៉ាស់គ្របលើមាត់ ច្រមុះ ប្រសិនបើមានអាការៈ សង្ស័យថា មានជំងឺ ត្រូវប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិត បរិភោគអាហារណា ដែលឆ្អិនល្អ ផឹកទឹកក្តៅ ឬទឹកដាំពុះ មិនត្រូវខាកស្តោះនៅ តាមទីធ្លាសាធារណៈ ម្យ៉ាងទៀតចៀសវាងការ ប៉ះពាល់ជាមួយសត្វដែលមានជំងឺ។

លោកស្រីប្រធានមន្ទីរ ក៏បានធ្វើការណែនាំឱ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណា ព្យាបាលសិស្ស ត្រូវយកចិត្តទុកដាក់ តាមដាន ត្រួតពិនិត្យ ថែទាំសុខភាពសិស្សានុសិស្សជាប់ ជាប្រចាំ ដើម្បីធានាថា ក្នុងសាលារៀន និងសហគមន៍របស់យើង គ្មានសិស្សណាម្នាក់ ឬ មនុស្សណាម្នាក់ឆ្លងវីរុសផ្លូវដង្ហើមប្រភេទថ្មី ការ៉ូណា នោះទេ។ បន្ទាប់ពីមន្ត្រីសុខាភិបាលខេត្ត ព្រះសីហនុបានរកឃើញវីរុសប្រភេទថ្មី ការ៉ូណា នៅលើអ្នក ទេសចរជនជាតិចិន ដែលមាន អាយុ ៦០ឆ្នាំ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។

លោកស្រីប្រធានមន្ទីរអប់រំបញ្ជាក់ថា មន្ទីរនឹងបន្តចែកម៉ាស់ជូនដល់សិស្សានុសិស្ស នៅតាមសាលានានាក្នុងខេត្តព្រះសីហនុបន្តទៀត៕

ដោយ ងូ សុមុនី