ប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺអេដស៍ចំនួន២,០២០គ្រួសារ ស្ថិតនៅខណ្ឌកំបូល ទទួល​អំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមចែកអំណោយសប្បុរសធម៏ របស់​សាខាកាកបាទក្រហមកម្ពុជារាជាធានីភ្នំពេញ ជូនពលរដ្ឋរងគ្រោះដោយជំងឺអេដស៍ ទុរគតជន និងជនចាស់ជរាសរុបចំនួន២,០២០គ្រួសារ នាព្រឹកថ្ងៃ ទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិត​នៅ​សាលាខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានបញ្ជាក់ថា នេះដោយសារមានការគិតគូរ យកចិត្ដ​ទុក​ដាក់នូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក​ក្នុងជីវភាពប្រចាំ​ថ្ងៃនេះពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជាអំណោយសប្បុរសធម៌ មានសម្ភារ និងថវិកា មកចែកជូនលោកតា លោក​យាយ បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងទុរគតជនដើម្បីរំលែកនូវទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។ ឯកឧត្ដមអភិបាល​បានបន្ដថា ការលំបាករបស់លោកតា លោកយាយបងប្អូនកូនក្មួយ ប្រជាពលរដ្ឋក៏ដូច​ជាការ​លំបាករបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ឯកឧត្ដមបានបន្ដទៀតថា សាខាកាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ បានចែករំលែកការលំបាករបស់ប្រជាពលរដ្ឋ និងបានបំពេញនូវ​បេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ មានដូចជា ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ ទុរគតជន ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ជាពិសេសអន្តរាគមន៍​ទាន់ពេលវេលាចំពោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជាគ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍​ជាដើម។

បើតាមការបញ្ជាក់ពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា ក្នុង​ចំណោមពលរដ្ឋរងគ្រោះចំនួន២,០២០គ្រួសារ គឺមានប្រជាពលរដ្ឋងាយរងគ្រោះចំនួន​១៣០៧​គ្រួសារ ទុរគតជន៤០០គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១២គ្រួសារ ចាស់ជរា២៥០គ្រួសារ និងជនពិការ៥២គ្រួសារដែលក្នុង១គ្រួសារៗទទួលបានអង្គរ៣០គីឡូក្រាម មី១កេស ទឹកត្រី១ យូរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល ៕

ដោយ សួស សំរិត