ប្រធានសហព័ន្ធការ៉ាតេកម្ពុជា៖ រយៈពេលពេញមួយអាណត្តិ ថ្នាក់ដឹក​នាំសហព័ន្ធការ៉ាតេ​ កម្ពុ​ជា​បា​ន​លះបង់ និងតម្កល់ស្មារតីកីឡាការ៉ាតេខ្ពស់ត្រដែត

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២០ — ថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ របស់សហព័ន្ធការ៉ាតេកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមករានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​សេ​ដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធ ការ៉ាតេកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន បានមានប្រសាសន៍ថា ពេញមួយ អាណត្តិមកហើយ ដែលមានរយៈពេល៤ឆ្នាំ គឺឆ្នាំ​២០​១៧-២០២០ យើងទាំងអស់គ្នាបាន ខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធនធាន និងពេលវេលា ដោយតម្កល់ស្មារតីកីឡាការ៉ាតេឱ្យខ្ពស់ត្រដែត ឱ្យក្លាយ​ជាម​ហា​គ្រួ​សា​រកីឡាការ៉ាតេតែមួយ​ដែលរឹងមាំ ហើយជាលទ្ធផលក្នុងរយៈពេលកន្លងទៅនេះ យើ​ង​បាន​ធ្វើ​ការកែទម្រង់ការងារ​ផ្ទៃក្នុង និងការងារបច្ចេកទេសចាំបាច់មួយចំនួនដោយរលូន និង​ដែ​​ល​ប្រ​កបដោយ​ប្រសិទ្ធភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា សម្រាប់មហាសន្និបាតរបស់ ស​ហ​​ព័ន្ធនៅពេលនេះ គឺជាឱកាសដ៏វិសេសវិសាល សម្រាប់ការបញ្ចញមតិយោបល់ ក្នុងន័​យ​រិះ​គន់ ស្ថាបនា ការបកស្រាយពន្យល់ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាព និងអសកម្ម​ដែល​អាច​កើ​ត​មានជាយថាហតុ នៅក្នុងកិច្ចដំណើរការនៃយន្តការដឹកនាំ គ្រប់គ្រង និងក្នុង​ដំណើ​រ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍ បច្ចេកទេសកីឡាការ៉ាតេរបស់យើង។ ក្នុងស្មារតីនេះ អង្គមហាសន្និបាត មិន​គួ​រ​គូ​ស​រំ​លេ​ច​តែអ្វីដែលជាស្នាដៃនិងគុណ​សម្ប​ត្តិ​នោះទេ ប៉ុន្តែថែមទាំ​ងគួ​រស​ង្ក​ត់​ធ្ង​ន់​នូ​វ​អ្វី​ដែ​ល​ជា​ចំ​ណុ​ច​ខ្វះ​ខាត ចន្លោះប្រហោង និងបញ្ហា​ប្រ​ឈ​មនានាដែលរាំ​ង​ស្ទះ​ដ​ល់​ដំ​ណើ​រ​កា​រ​អ​ភិ​វ​ឌ្ឍ​វិ​ស័​យ​កី​ឡា​ការ៉ាតេ របស់យើងផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា នៅ​ក្នុ​ងអាណត្តិទី៨កន្លងទៅនេះដែលជាអាណត្តិទី១របស់ឯកឧត្តម​ក្នុងនាម​ជាប្រ​ធាន​ស​ហ​ព័​ន្ធ​កា​រ៉ាតេកម្ពុជា ឯកឧត្តមបានដាក់ចេញនូវគោលការណ៍អាទិភាពចំនួន៤ សំខាន់ៗគឺ៖ ទី១. រៀបចំ កសាងមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលកីឡាការ៉ាតេដោយជោគជ័យពោលគឺយើងបានបង្កើត មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលកីឡាការ៉ាតេនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំពុង​ប្រើ ប្រាស់វាបម្រើឱ្យការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទី២. រៀបចំក្រុម​ជម្រើ​ស​ជា​តិ​ប្រ​កបដោយគុណវុឌ្ឍិ ដោយសហព័ន្ធបានរៀបចំក្រុមជម្រើសជាតិដែលមានកីឡាករ កីឡា​កា​រិនីល្អៗ ព្រមទាំងមានគ្រូបង្វឹកបរទេសដែលធ្វើឱ្យគុណភាព និងបច្ចេក​ទេស​ប្រយុ​ទ្ធ​មា​ន​កា​រ​រី​ក​ចម្រើនគួរកត់សម្គាល់ ដែលធ្វើឱ្យក្រុមជម្រើសជាតិរបស់យើ​ងស្ថិតក្នុងក​ម្រិតស្ត​ង់ដា​ប្រយុ​ទ្ធប្រ​ហា​ក់ប្រហែលនឹងបណ្តាប្រទេសក្នុងតំបន់។ ទី៣. ការពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំ ដោ​យ​​យើង បានរៀបចំឯកសារ បទដ្ឋានគតិយុត្តកីឡាមួយចំនួនឡើងវិញជាអាទិ៍៖ លក្ខន្តិកៈ បទ​ប​ញ្ជាផ្ទៃក្នុង និងផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកីឡាការ៉ាតេដែលអាចទទួលយកបាន និ​ង​អា​ចធ្វើជាបន្ទាត់ នៃការអនុវត្តការងាររដ្ឋបាលកីឡាការ៉ាតេបានល្អប្រសើរ និងទី៤. គឺកា​រ​ស្វែ​ង​រ​ក​ជំ​នួយបច្ចេកទេសនិងហិរញ្ញវត្ថុ។

ឯកឧត្តមបន្តថា ចំពោះជំនួយបច្ចេកទេស យើងបានធ្វើការងារមួយចំនួនរួចមកហើយ ដែលពាក់ព័ន្ធនឹងការងារផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសដូចជាការប្រកួតពានរង្វាន់លោកគ្រូ ស៊ី ប៊ូយ៉ា ជាដើម ហើយចំពោះការងារហិរញ្ញវត្ថុវិញ យើងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងជួយឧបត្ថម្ភ និងគាំទ្រជាបន្តបន្ទាប់ផងដែរ ហើយថាទោះបី​ជាស​ហព័​ន្ធ​បា​ន​ខិ​ត​ខំប្រឹងប្រែង និងសម្រេចបានលទ្ធផលគួរជាទីមោទនៈមួយចំនួនក្តី។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​បានប​ញ្ជា​ក់ទៀតថា សហ​ព័ន្ធ​ការ៉ា​តេ​ក​ម្ពុ​ជា​ក៏​នៅ​មា​ន​សូ​ចនាករមួយចំនួន ដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ ដែ​លមិ​ន​ទា​ន់​ស​ម្រេ​ច​បា​នពេញលេញផងដែរ ដែលការណ៍នេះទាមទារឱ្យយើងទាំ​ងអស់គ្នាត្រូវបន្តខិតខំ​ប្រឹងប្រែង​កា​​ន់តែខ្លាំងក្លាបន្ថែមទៀតនៅ ក្នុងអាណត្តថ្មី ដោយអាណត្តិថ្មី ទី៩ ឆ្នាំ២០២០-២០២៤ គឺជា​អា​ណ​ត្តិដ៏សំខាន់ និងជាអាណត្តិ យុទ្ធសាស្ត្រសម្រាប់កីឡាការ៉ាតេ ក៏ដូចជាកីឡាផ្សេងៗទៀត ពី​ព្រោះ​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គែម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុ​ខ​៕

ដោយ គង់ សិរីរ័ត្ន