ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តកំពង់ចាមត្រូវបានធ្វើពិធីសម្ពោធជាផ្លូវការ

AKP កំពង់ចាម ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងខេត្តកំពង់ចាម ដែលស្ថិតនៅសួនច្បារតាមដង ទន្លេមេគង្គជិតគល់ស្ពានគីហ្សូណាក្នុងក្រុងកំពង់ចាម បានធ្វើពិធីសម្ពោធជាផ្លូវការនា ព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការចូលរួមពីសំណាក់ លោកវីរសេនីយ៍ឯក ង្វៀន ថាញចិញ  ប្រធានអនុព័ន្ធយោធាវៀតណាម ប្រចាំព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងអស់ លោកជាអភិបាលរងខេត្ត ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមបានធ្វើការសាងសង់នៅចុងឆ្នាំ២០១៦ និងបានបញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០១៧ និងបានបន្តធ្វើសួនច្បារនៅបរិវេណដែលសម្រេចជាស្ថាពរនៅ ចុងឆ្នាំ២០១៩និងដាក់សម្ពោធនាពេលនេះ។ ស្ដូបមិត្តភាពកម្ពុជាវៀតណាម គឺជានិមិត្តរូប នៃការរម្លឹកគុណដល់ការធ្វើពលីកម្មអាយុជីវិតរបស់វីរជនកម្ពុជា និងវីរជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍​ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងដើម្បីបញ្ជាក់អំពី ចំណងមិត្តភាពរបស់ ប្រទេសយើងទាំងពីរ កម្ពុជាវៀតណាម។ ស្ដូបមិត្តភាពកម្ពុជាវៀតណាម និងសួនច្បារ ដែលបានសាងសង់រួច ហើយនេះបានចូលរួមលើកកម្ពស់សោភណភាព ទីក្រុងដ៏ស្រស់ស្អាតសក្ដិសមនឹងចំណាត់ថ្នាក់ផ្ការំដួលបីទងនោះ។

លោកវីរសេនីយ៍ឯក ង្វៀន ថាញចិញ  ប្រធានអនុព័ន្ធយោធា វៀតណាមប្រចាំ ព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៍ថា ខេត្តកំពង់ចាមជាខេត្តមានសក្តានុពលលើគ្រប់វិស័យ។ ក្រុងកំពង់ចាមមានសម្រស់ដ៏ស្រស់បំព្រងមានការអភិវឌ្ឍខ្លាំងក្លា។ ស្តូបមិត្តភាព វៀតណាម-កម្ពុជា ជានិមិត្តរូបដ៏ពិសិដ្ឋនៃចំណង សាមគ្គីភាពវៀណាម កម្ពុជាលើទឹកដីរបស់ ខេត្តកំពង់ចាម វាជាសមិទ្ធផលដ៏មហិមាមានអត្ថន័យជាប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ ដែលឆ្លងកាត់សង្គ្រាមអស់ច្រើនទសវត្សរ៍មកហើយ។ វៀតណាម និងកម្ពុជា មានភ្នំជាប់គ្នា ទន្លេតភ្ជាប់ទន្លេ ហើយប្រជាជនប្រើប្រាស់ទឹកទន្លេមេគង្គជាមួយគ្នា ម្យ៉ាងវិញទៀត ការស្និទ្ធស្នាលខាងភូមិសាស្ត្រ ធ្វើឱ្យ ប្រជាជនប្រទេសទាំងពីរមានការយល់ដឹង ចែករំលែក ដើម្បីបង្កើនទំនាក់ទំនងក្នុងស្ថានភាពថ្មី។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ការសម្ពោធស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្តកំពង់ចាមគឺជាស្តូបជែល ជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរបុរសដែល បាន ពលីជីវិត កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ហើយក្នុងខេត្តកំពង់ចាមជាស្តូបទី១៦ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ដោយសាមានកងទ័ពស្ម័គ្រ ចិត្តវៀតណាមបានមកជួយរំដោះទើបយើងបានរួចពីសេចក្តីស្លាប់ពីរបបដ៏ឃោ ឃៅយង់ឃ្នោងប៉ុលពតនាថ្ងៃ០៧មករាឆ្នាំ១៩៧៩។ ក្រោយប្រទេសជាតិបានរំដោះ និងក្រោមការដឹកនាំរបស់ម្រមុខប្រទេសជាតិ ដែលមានសម្តេចធម្មពោធិសាលជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាពពេញ ផ្ទៃប្រទេសប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្ដិភាព។ បើគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍ។ សន្ដិភាពនាំមកនូវការអភិវឌ្ឍយូរអង្វែង។ប្រទេសជាតិគ្មានសន្ដិភាពគ្មានការអភិវឌ្ឍប្រជាពលរដ្ឋ រស់នៅដោយភាពភ័យខ្លាច។ដូច្នេះយើងត្រូវតែអរគុណសន្ដិភាព។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នា ថែរក្សាសុខសន្ដិភាព ថែរក្សាសំណង់ស្តូបមិត្តភាព រួមគ្នាថែទាំសុខភាពឱ្យបានខ្ពស់៕

ដោយឆាយ ម៉ុត