រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ ពង្រីកបណ្តាញតង់ស្យុងខ្ពស់ និងអនុស្ថានីយ GIS ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ ពង្រីកបណ្តាញតង់ស្យុងខ្ពស់ និងអនុស្ថានីយ GIS ក្នុងក្រុងព្រះសីហនុ ពីស្ទឹងហាវ មកកាន់ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ និងលោក ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តផលិតអគ្គិសនីបានជាង ១.០០០មេហ្កាវ៉ាត ហើយបច្ចុប្បន្ន ខេត្តព្រះសីហនុ ត្រូវការ ថាមពលអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃពី១២០ ទៅ ១៥០ មេហ្កាវ៉ាត ដូច្នេះនៅសល់ត្រូវបញ្ជូន ទៅអគ្គិសនីកម្ពុជា ដើម្បីចែកចាយជូនអតិថិជន។ ចំពោះគម្រោង អភិវឌ្ឍន៍ពង្រីកបណ្តាញ តង់ស្យុងខ្ពស់ និងអនុស្ថានីយ GIS ក្នុងក្រុងព្រះសីហនុ មានបញ្ហាពីរគឺ៖ ទី១. ខាងអគ្គិសនី ត្រូវសហការជាមួយក្រុងហ៊ុនស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ  ដើម្បីបង្កប់ខ្សែកាបនៅក្រោមដី ប្រវែងជាង ៣គីឡូម៉ែត្រ ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាផ្លូវមានភាពងាយស្រួលស្ថាបនាបានលឿន និងទាន់ពេលវេលា។ ២. បញ្ហាដីសាងសង់ស្ថានីយ ២.០០០ម៉ែត្រ ការ៉េ នៅជាប់ផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវសហការជាមួយមន្ទីរដែនដី ពិនិត្យមើលប្លង់ ក្នុងការតបណ្តាញបង្កប់ខ្សែបណ្តាញតង់ស្យុងខ្ពស់ក្រោមដី។

លោម ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា មានប្រសាសន៍ថ្លែង អំណរគុណ អភិបាលខេត្តព្រះសីហនុ ដែលជួយសហការក្នុងការសម្របសម្រួលដោះស្រាយផលប៉ះពាល់ លើគម្រោងអភិវឌ្ឍន៍ពង្រីកបណ្តាញតង់ស្យុងខ្ពស់ និងអនុស្ថានីយ GIS ក្នុងក្រុងព្រះសីហនុ ដែលកន្លងមក យើងបានដោះស្រាយផលប៉ះពាល់គម្រោងអភិវឌ្ឍន៍បណ្តាញតង់ស្យុងខ្ពស់ ពីស្រុកស្ទឹងហាវ ទៅរាជធានីភ្នំពេញ និងគ្រោងដាក់ឱ្យដំណើរការនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដែលមានខ្សែបណ្តាញតង់ស្យុង២៣០ និង ២៥០KV។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានឱ្យអគ្គិសនីកម្ពុជា ពង្រីកសងសង់ខ្សែ បញ្ជូនអគ្គិសនីពីស្ទឹងហាវ មកអូរត្រេះ ក្រុងព្រះសីហនុ ដែលមានកម្លាំង ២៣០KV ដើម្បីចែក ចាយក្នុងក្រុងព្រះសីហនុ ដែលយើងត្រូវសាងសង់ស្ថានីយ និងបង្កប់ខ្សែ ក្នុងដីមួយចំនួនទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីឆ្លើយតបតាមតម្រូវការប្រើប្រាស់ នៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និងទេសចរណ៍នាពេលបច្ចុប្បន្ន ៕

ដោយ ងូ សុមុនី