ក្រសួងសុខាភិបាលកំពុងតាមដាន និងស្រាវជ្រាវជំងឺផ្លូវដង្ហើមថ្មី ខណៈរកឃើញជនជាតិចិនម្នាក់កើតជំងឺកូរ៉ូណានេះ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា ក្រសួងបានកំពុងតាមដាន​និងស្រាវជ្រាវជំងឺផ្លូវ​ដង្ហើមថ្មី វីរុសកូរ៉ូណា ដែលបានរកឃើញទៅលើជនជាតិចិនម្នាក់បានកើតជំងឺនេះ នៅ​ក្នុង​ខេត្ដព្រះសីហនុ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្ដី​ការក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល​​បានមាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាលកំពុងតាមដាន និងស្រាវជ្រាវដោយយកចិត្តទុកដាក់​ជាទី​បំផុតនូវស្ថានភាពកើតមានករណីជំងឺ រលាកសួតប្រភេទថ្មីនេះនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរវិលត្រឡប់មកពីទីក្រុងវូហាន ខេត្ដហ៊ូប៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ហើយ​ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនក្អក ហៀរសំបោរ ឬមានរោគសញ្ញាហត់ ឬថប់ដង្ហើម សូម​ប្រញាប់ស្វែងរកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យ​បានទាន់ពេលវេលា។ ជាមួយគ្នានេះ បើមានសំណួរ ឬចម្ងល់អ្វីពីបញ្ហាសុខភាព សូមទាក់​ទង​ទៅទូរស័ព្ទទាន់ហេតុការណ៍លេខ១១៥ របស់នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លងនៃក្រសួង សុខាភិបាល។

ឯកឧត្ដមរដ្ឋមន្ត្រីបានប្រកាស ធ្វើការក្រើនរម្លឹកជូនដល់ប្រជាពលរដ្ឋទាំងអស់​ឱ្យមាន​ការប្រុងប្រយ័ត្នខ្ពស់លើការបង្ការ ការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ដែលបានរក​ឃើញមានមួយករណីនៅខេត្តព្រះសីហនុដោយអនុវត្តន៍នូវវិធានការ ត្រូវចៀសវាងប៉ះ ពាល់​ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមសួត ឬអ្នកជំងឺដែលសង្ស័យ។ ទន្ទឹមនេះ ត្រូវលាងដៃឱ្យ​បាន ញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមាន​សត្វ​រស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ត្រូវលាងដៃឱ្យ​បានទៀងទាត់មុនពេល ឬបន្ទាប់ពីប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ប្រកាន់ ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អដូចជា ពិសារអាហារ​ដែល​ចម្អិនឆ្អិនល្អ ជាពិសេសសាច់ និងស៊ុត។ ជាមួយគ្នានេះ អ្នកមានរោគសញ្ញាជំងឺផ្លូវ​ដង្ហើម​សួត ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រមា ឬក្រដាសជូតមាត់។

ក្រៅពីនេះ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់​និង​ច្រមុះនៅពេលក្អក ឬកណ្តាស់ លាងដៃបន្ទាប់ពីមាន ប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម​និង រក្សាចម្ងាយមួយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវជាដើម)។ ប្រសិនបើមានសង្ស័យថាឆ្លងជំងឺ រលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគ សញ្ញាដូចជា មានកម្តៅលើសពី ៣៨ អង្សាសេ និងមានរោគ សញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពី​ប្រទេស​ចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង​១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ ជាមួយអ្នកស្លាប់ ដោយសារជំងឺផ្លូវដង្ហើម​ មិនដឹងអំពីអត្តសញ្ញាណ(ប្រភេទមេរោគ)ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅ​លេខទូរ​ស័ព្ទ​​ទាន់ហេតុការណ៍ ១១៥៕

ដោយ ប៊ុនរិទ្ធ