ក្រសួងព័ត៌មានពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បី ត្រៀមដាក់ចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួងនៅថ្ងៃទី២៩ ខែមករាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ — ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំសម្រាប់ពិនិត្យលើសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយ រដ្ឋាភិបាលឌីជីថល ដើម្បីត្រៀមដាក់សេចក្ដីព្រាងទាំងនេះ ចូលក្នុងកិច្ចប្រជុំជាមួយក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៩ ខែមករា​ខាងមុខ។ ក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថល ដោយមានការចូលរួមពីឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ថ្នាក់​ដឹកនាំ និងមន្រ្តី​ជំនាញបច្ចេកទេសក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២០ នៅទីស្ដីការ​ក្រសួងព័ត៌មាន។

បើតាមការលើកឡើងរបស់ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ គឺដើម្បីត្រៀម ក្នុងការចូលរួមក្នុងកិច្ចប្រជុំ ជាមួយក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៩ ខែមករា ខាងមុខនេះ ដោយធ្វើការពិនិត្យ​លើសេចក្តីព្រាង ក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល និងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរ​ប្រពន្ធ័ទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ  ក្រោម​ការដឹកនាំរបស់ឯកឧត្ដម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋ​មន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងមន្រ្តីជំនាញបច្ចេកទេស ។

ឯកឧត្ដមបានបន្ថែមថា តាមទស្សនវិស័យ និងផែនការក្នុងការផ្លាស់ប្តូរ ប្រព័ន្ធទូរ​ទស្សន៍ពីអាណាឡូក ទៅឌីជីថលនេះ ក្រសួងព័ត៌មានបានធ្វើការយ៉ាងសកម្ម ជាមួយបណ្តា​ប្រទេសជាសមាជិកអាស៊ាន ចាប់តាំងពីឆ្នាំ២០០៤មក ហើយជាបន្តបន្ទាប់ មន្រ្តីជំនាញ គ្រប់​ផ្នែកពាក់ព័ន្ធរបស់ក្រសួងព័ត៌មាន បានធ្វើជាផែនការ សកម្មភាព ដោយបានលើកជា គម្រោង​ពី​ជំហានមួយទៅជំហានមួយ សម្រាប់អនាគតនៃការបញ្ចប់ការផ្សាយប្រព័ន្ធ អាណាឡូក នៅឆ្នាំ២០២៣ខាងមុខ។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ការបញ្ចប់ការផ្សព្វផ្សាយប្រព័ន្ធ​អាណូឡូកនេះ គឺដើម្បីបោះជំហានទៅធ្វើការផ្សាយ តាមប្រព័ន្ធ ឌីជីថល នៅសហគមន៍​ក្នុងតំបន់ក៏ដូចជានៅក្នុងអន្តរជាតិ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានធ្វើការសិក្សា ពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពី ផែន​ការសកម្មភាព នៅក្នុងជំហាននីមួយៗពីឆ្នាំ២០២០ ទៅដល់ឆ្នាំ ២០២៣ ដែលត្រូវអនុវត្តន៍ ទៅ​តាមជំហានរបៀបណា ហើយតម្រូវការឥណទានពីរដ្ឋ កម្រិតណា ដែលជាការគិតគួរខ្ពស់ របស់ក្រសួងព័ត៌មាន នៅក្នុងផែនការសកម្មភាពលើការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ពីអាណា ឡូក ទៅឌីជីថល៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា