គណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ាស្នើសុំខ្ចីរូបចម្លាក់ខ្មែរពីក្រសួងវប្បធម៌ ដើម្បីយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ — គណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា (California Science Center “CSC”) ដឹកនាំ ដោយ លោក Jeffrey N. Rudolph ប្រធាននិងជានាយកប្រតិបត្តិនៃ CSC និង លោក Peter Elsaesser នាយកប្រតិបត្តិនៃ Museums Partner បានលើកគម្រោង​ស្នើសុំខ្ចីរូប​ចម្លាក់​ខ្មែរពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស នាឆ្នាំ២០២២ខាងមុខ។ នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងជំនួបពិភាក្សាលើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេសជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពី ព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Jeffrey N. Rudolph ប្រធាន និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ាបានបញ្ជាក់ថា គម្រោងតាំង ពិព័រណ៍នេះ គឺគ្រោងនឹងរៀបចំឡើងនៅសហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ក្នុងឆ្នាំ២០២២ ខាងមុខ ក្រោមប្រធានបទស្តីពីអង្គរ (ANGKOR: The Exhibition)។ លោកបានបន្ដថា គោល បំណងសំខាន់របស់ពិព័រណ៍នេះ គឺដើម្បីរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌និងអរិយធម៌ដ៏ចំ ណាស់ របស់កម្ពុជាឱ្យប្រជាជននៃបណ្តាប្រទេសទាំងនោះបានស្គាល់ដែ​លអាចជាចលករ​មួយក្នុងការជំរុញភ្ញៀវទេសចរនៃបណ្តាប្រទេសទាំងនោះឱ្យមកទស្សនាដោយផ្ទាល់នៅប្រទេសកម្ពុជា។

ជាមួយគ្នានេះលោកជំទាវ ភឿង សកុណា បានស្នើឱ្យគណៈ ប្រតិភូផ្តល់ព័ត៌មាន​លម្អិត​អំពីគម្រោងស្នើសុំឱ្យបានច្បាស់មកក្រសួងដើម្បីធ្វើការសិក្សាជាពិសេសលើលក្ខខណ្ឌបច្ចេកទេស មុននឹងសម្រេចដាក់បញ្ចូលក្នុងកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការអន្តរក្រសួង ក៏ដូច​ជាមុននឹងស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ រិទ្ធី