ក្រសួងទេសចរណ៍ នឹងបង្កើនវិធានការជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែខ្លាំង​ថែម​ទៀត ខណៈ​ទេសចរ​អន្តរជាតិព្រួយបារម្ភលើការរាលដាលជំងីផ្លូវដង្ហើមប្រភេទថ្មី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ — ក្រោយពីចុះត្រួតពិនិត្យដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកទ្វារព្រំ​ដែន​អន្តរជាតិប៉ោយប៉ែតរួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាល គិតត្រឹមថ្ងៃអាទិត្យទី២៦ ខែមករា​ ឆ្នាំ២០២០នេះ កម្ពុជា​មិនទាន់ជួបប្រទះអ្នកដំណើរ ឬទេសចរណាម្នាក់ ត្រូវបានសង្ស័យថាឆ្លងជំងឺរលាកផ្លូវ​ដង្ហើម​ប្រភេទថ្មី «កូរ៉ូណាវីរុស» នៅឡើយទេ។ នេះបើយោតាមការបញ្ជាក់ពីក្រសួង​ទេសចរណ៍។

ក្នុងការចុះត្រួតពិនិត្យ និងការសាកសួរពីមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន បានសង្កេតឃើញ និងទទួលបាន​ព័ត៌មានថា ចំនួនភ្ញៀវទេសចរមានការថយចុះជាងប៉ុន្មានថ្ងៃមុន ដែលមិនទាន់មានការផ្ទុះ​ឡើងនូវជំងឺនេះនៅប្រទេសចិន ព្រោះប្រទេសចិនក៏បានហាមឃាត់ប្រជាជនខ្លួន​នៅទីក្រុង Wuhan មិនឱ្យធ្វើដំណើរចេញក្រៅប្រទេសដែរ។ ទន្ទឹមនេះ ប្រសិនបើជំងឺនេះ នៅតែរីក រាលដាល ភ្ញៀវទេសចរអន្តរជាតិនឹងកាត់បន្ថយការចេញទស្សនាក្រៅប្រទេសរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាឱ្យសេនាធិការកោះប្រជុំគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែក​ឯកជន​បន្ទាន់ ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្រុក​ឱ្យបានកាន់តែខ្លាំងថែមទៀត និង​ដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ដូចដែលកម្ពុជាធ្លាប់ជួបប្រទះ និងបានរួមគ្នាទប់ស្កាត់នៅពេលមានការផ្ទុះឡើងនូវជំងឺ SARS ក្នុងពិភពលោកកាលពីឆ្នាំ២០០៣។

ឯកឧត្តមបានលើកឡើងថា ការជំរុញចលនាទេសចរណ៍ក្នុងប្រទេសនេះ គឺជាវិធាន​ការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យ​ទេសចរណ៍​ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។ ឯកឧត្ដមរដ្ឋមន្រ្ដី​បានបន្ថែមថា ការធ្វើដំណើរបស់ទេសចរក្នុងស្រុកនឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់​មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិ​មាន​ការ​ធ្លាក់ចុះ។ ឯកឧត្ដមដរដ្ឋមន្រ្ដីបានបន្ថែមទៀតថា នៅពេលមានវិបត្តិដូចនេះ មូលដ្ឋាន​អាជីវ​កម្ម​ទេសចរណ៍ត្រូវការត្រឹមចំណូល ដើម្បីទូទាត់ថ្លៃអគ្គិសនី ទឹក និងប្រាក់ខែ​សម្រាប់បុគ្គលិក​មួយ​ចំណែកប៉ុណ្ណោះ។ ចំពោះផ្នែកឯកជនផ្ទាល់ត្រូវចាត់ការកែសម្រួលការគ្រប់គ្រងអាជីវកម្ម ដោយរស់រវើកតាមសភាពការណ៍ ចូលរួមកាត់បន្ថយកញ្ចប់ទស្សនកិច្ច កាត់បន្ថយថ្លៃចំណេញ ចូលរួមបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ជាមួយរដ្ឋបាលមូលដ្ឋានជាដើម។ ចំណែក​បុគ្គលិក និងនិយោជកដែលបម្រើការងារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋានជាដើមនោះ ក៏ត្រូវមានការយោគយល់គ្នាទៅវិញទៅមកជាមួយម្ចាស់​មូល​ដ្ឋាន។ ជាមួយគ្នានេះ ការងារដែលកើតឡើងដូចនេះកម្ពុជាក៏ធ្លាប់ជួបប្រទះ ហើយបានរួម​គ្នាឆ្លងកាត់រួចហើយ ដែលចំពោះមុខមុនបង្អស់ ការចាំបាច់សំខាន់បំផុត គឺត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាលនៃជំងឺដ៏សាហាវនេះឱ្យខាងតែបាន។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងដឹកនាំកិច្ចប្រជុំការងារធំមួយជាមួយផ្នែកពាក់​ព័ន្ធ​លើការងារ​ទេសចរណ៍នេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ខាងមុខ៕

ដោយ រិទ្ធី