ប្រមុខរាជរដ្ឋាភិបាលអំពាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ —  ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើម(Corona) ខណៈបងប្អូនជនរួមជាតិ​កំពុងសប្បាយ​រីក​រាយ​ក្នុងឱកាសបុណ្យចូលឆ្នាំចិននោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មី​ដែលមាន​ឈ្មោះ​ថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន។ សម្ដេចតេជោក៏សូមឱ្យបង​ប្អូន​ប្រជាពលរដ្ឋមាន​ការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និង​ក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង។ ជាមួយគ្នានេះ ប្រសិនបើបងប្អូនសង្ស័យថា​មាន​ឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា នេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមក​កាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។ សម្ដេចតេជោបានថ្លែងថា រហូតមកដល់​ពេល​នេះ ជំងឺកូរ៉ូណា បានមកដល់ប្រទេសមួយចំនួនដូចជា អាម៉េរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេស៊ី។  ចំពោះ​អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានណែនាំដល់បងប្អូនប្រជាពលដរដ្ឋអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់។ ទន្ទឹមនេះ សូមកុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ និងត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។

សម្ដេចតេជោបានលើកឡើងថា មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមក​ដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជា​បាន​បំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរ​ទាំង​អស់ដែលចូលមកកម្ពុជា។

សម្តេចតេជោក៏បានស្នើឱ្យក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ឋត្រូវយកចិត្តទុកដា​ក់ឱ្យ​បានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈត្រូវមានអ្នក​ប្រចាំការ​ទទួលពេលខលចូល៕

ដោយ រិទ្ធី