លោកជំទាវ  សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច  ធម្មវិសុទ្ធវង្សា សៅ ទី ហេង  សំរិន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ — លោកជំទាវ សៅ ទី ហេង សំរិន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ  នរោត្តម  សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារ ជា សម្តេចធម្មវិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ។  សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង  បានអញ្ជើញយកព្រះរាជក្រឹត្យរបស់​ព្រះមហា​ក្សត្រ ប្រគល់ជូន  សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន  នារសៀលថ្ងៃទី២៥  ខែមករា  ឆ្នាំ២០២០  នៅគេហដ្ឋាន របស់សម្តេច។ នៅក្នុងព្រះរាជក្រឹត្យដែលព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ទ្រង់បានបញ្ជាក់ថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានគាំទ្រ​តស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិ តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាងអង់​អាច​ក្លាហាន ជាអ្នកស្នេហាជាតិ ការពារជាតិ និងសាសនា និងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ ព្រះវររាជបិតាជាតិ ខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ដើម្បីជាតិមាតុ​ភូមិ​កម្ពុជា។

សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រសូត្រនៅឆ្នាំ១៩៣៨នៅឃុំកក់ ស្រុកពញា​ក្រែក ខេត្តត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយ  សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន នៅក្នុងខែមីនាឆ្នាំ១៩៥៧។ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរម​នាថ  នរោត្តម  សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ បានមានព្រះរាជ​ចំណារបន្តថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានដឹកនាំ កសាង និងគោរពព្រះពុទ្ធ​សាសនាឱ្យ​មានការអភិវឌ្ឍរីកចម្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជក្រឹត្យ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានលើកឡើងបន្ថែមថា សម្តេចធម្ម​វិសុទ្ធវង្សា បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លា​បរិសុទ្ធដ៏ខ្ពង់​ខ្ពស់បំផុត ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រ​គ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា និងបានប្រកាន់ខ្ជាប់ក្នុងសេចក្តីបរិសុទ្ធដ៏វិសេសវិសាល​ក្នុងព្រះធម៌​បូជាចំពោះព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និងតាមក្រសួង ស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋទូទៅ បានចូលរួម អបអរសាទរ  សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជាបន្តបន្ទាប់ នៅក្នុងឱកាសដែល ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ  នរោត្តម  សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ចេញព្រះរាជក្រឹត្យ  ចុះថ្ងៃទី២៣  ខែមករា  ឆ្នាំ២០២០  ត្រាស់បង្គាប់ ផ្តល់គោរមងារ លោក​ជំទាវ ជា សម្តេច  ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ៕

ដោយ នីកា