រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចាត់ទុកសហ​ភាពអឺរ៉ុប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានចាត់ទុកសហ​ភាពអឺរ៉ុប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុ​ង​ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការ​ផ្តល់ជំនួយនានា ក្នុងវិស័យពាណិជ្ជកម្ម និងអប់រំ និងការអនុវត្តគម្រោងអភិវឌ្ឍផ្សេងៗ ដែល​បាន​បង្កើតឱកាសការងារជាច្រើន និងជួយលើក​កម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​លោកជំទាវ ខាមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅន​ព្រះរាជាណាចក្រកម្ពុជា ទើបបានតែងតាំងថ្មី កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ​បាល​កម្ពុជា តាមរយៈការធ្វើកំណែទម្រង់នានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងឆន្ទៈ​ដ៏​មោះ​មុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរី។ ឯកឧត្ដមដរដ្ឋមន្រ្ដីបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏មានស្ថានបេសកកម្ម​អចិន្រ្តៃយ៍​ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយក្នុងការលើកកម្ពស់​វិស័យ​ពាណិជ្ជកម្មកម្ពុជា។

Carmen Moreno បានលើកឡើងពីភាពរីកចម្រើន និងសក្តានុពលរបស់ប្រទេសកម្ពុជា និងធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកជំទាវ ឯកអគ្គរដ្ឋទូតប្តេជ្ញាថា នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដែលមានកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប និងរួមគ្នាពង្រឹងវិស័យដទៃទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែល​បានផ្តល់ការគាំទ្រ និងជំនួយនានា ដូចជា គម្រោងគាំទ្រសមារណកម្មអាស៊ាន (Arise Plus) និងជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ៕

ដោយ រិទ្ធី