មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់បង្ការ និងទប់ស្កាត់  ជំងឺរលាកសួតប្រភេទថ្មី

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា មន្ទីរសុខាភិបាល បានត្រៀមលក្ខណៈ​គ្រប់គ្រាន់រួចរាល់ហើយ សម្រាប់បង្ការ និងទប់ស្កាត់ជំងឺរលាកសួត​ប្រភេទ​ថ្មី ឈ្មោះវីរុស កូរ៉ូណា នៅព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ។ ការប្រកាសនេះ បានធ្វើ​ឡើងបន្ទាប់ពីមានករណីជំងឺរលាកសួតប្រភេទថ្មី ឈ្មោះ កូរ៉ូណាវីរុស មានការផ្ទុះនៅប្រទេស​ថៃ លើភ្ញៀវទេសចរជនជាតិចិន មកពីទីក្រុង វូហាន ប្រទេសចិន ។

កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល រួមជាមួយ​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានពង្រឹងនិងរៀបចំដាក់ម៉ាស៊ីនស្កែន​កម្ដៅនៅតាមច្រកចេញ-ចូលអន្តរជាតិ។ ដោយឡែកនៅអាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះសីហនុ ក៏មានរៀបចំដាក់ម៉ាស៊ីនស្កែនកម្ដៅរួចរាល់ផងដែរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដើម្បីធ្វើការស្រាវជ្រាវរកករណីសង្ស័យជំងឺឆ្លងប្រភេទថ្មីលើភ្ញៀវទេសចរ ដែលចូល​មកតាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលមកលេងព្រះរាជាណាចក្រ​កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ សម្រាប់ធ្វើការតាមដានបង្ការ ទប់ស្កាត់ការឆ្លង​មេរោគផ្លូវដង្ហើមប្រភេទថ្មីមកប្រទេសកម្ពុជា។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្ដព្រះសីហនុ ក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឬអ្នក​សង្ស័យឱ្យនៅដាច់ដោយឡែកនៅក្នុងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងមន្ទីរ​ពេទ្យបង្អែកខេត្ត ព្រមទាំងបានត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់មួយចំនួន សម្រាប់​ការព្យាបាលឱ្យបានទាន់ពេលវេលាផងដែរ ។

សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ មិនទាន់រក​ឃើញ​មានអ្នកដំណើរណាម្នាក់ ឆ្លងនូវជំងឺរលាកសួតប្រភេទថ្មីនោះទេ ៕

ដោយ ងូ សុមុនី