កម្ពុជា និងគុយបា នឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃការ ភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជាការ ផ្លាស់ប្តូរវប្បធម៌ ការជួបជុំជាមួយអតីតនិស្សិតកម្ពុជា នៅប្រទេសគុយបា ការតាំង​ពិព័រណ៍​រូបថត ជាដើម ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាង​ប្រទេសទាំងពីរ។ នេះបើតាមការលើកឡើង របស់លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ សុខមុំ និមល អគ្គនាយិកា នៃអគ្គនាយកដ្ឋានទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ នៅទីស្នាក់ការ AKP នៅរាជធានីភ្នំពេញ។

លោកជំទាវ Liurka Rodriguez Barrios បានលើកឡើង អំពីដំណើរទស្សនកិច្ចរបស់​តំណាងទីភ្នាក់ងារសារព័ត៌មាន Prensa Latina (PL) របស់ប្រទេសគុយបា មកកាន់ប្រទេស​កម្ពុជា នាចុងខែមេសាខាងមុខនេះ ដើម្បីចូលរួមក្នុងពិធីរម្លឹកខួបទី៦០ឆ្នាំនេះ ក៏ដូចជាការ​ពិ​ភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានទាំងពីរ​ផងដែរ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការអបអរសាទរ ដែលអគ្គនាយកដ្ឋាន​AKP មានថ្នាក់ដឹកនាំជាស្ត្រី ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទៅលើសមភាពយេនឌ័រ។ ទន្ទឹមនេះ ក្នុងឱកាសនៃពិធីរម្លឹកខួប​៦០ឆ្នាំនោះ ស្ថានទូតគុយបា ក៏គ្រោងនឹងអញ្ជើញថ្នាក់ដឹកជាន់ខ្ពស់ជាស្ត្រី នៅក្នុងស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមផងដែរ។

ជាការឆ្លើយតប លោកជំទាវ សុខមុំ និមល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះលោកជំទាវ Liurka Rodriguez Barrios ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវអគ្គនាយិកាបានគូសបញ្ជាក់ថា AKP ត្រៀមជានិច្ចដើម្បីសហការជាមួយស្ថានទូត​គុយបា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើនេះ ទទួលបានជោគជ័យ និងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់តំណាងនៃទីភ្នាក់ងារ PL ផងដែរ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានបង្កើតទំនាក់​​ទំនងការទូតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ខណៈដែល AKP និង PL បានចុះកិច្ច​ព្រម​ព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានទាំងពីរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២៕

ដោយ ផែន រតនៈ