អ្នកនាំពាក្យក្រសួងសុខាភិបាលគូសបញ្ជាក់ថា មិនទាន់មានការកំណត់ច្បាស់លាស់ទេ​ថាជំងឺរលាកសួតប្រភេទថ្មី អាចឆ្លងពីមនុស្សទៅមនុស្សទាំងស្រុងនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ — ករណីផ្ទុះជំងឺរលាកសួតប្រភេទថ្មីដែលមានប្រភពពីទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន ដែលបាននឹងកំពុងរីករាលដាលកាន់តែខ្លាំងឡើងនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ មិនទាន់មាន ការសន្និដ្ឋានជាផ្លូវការថាជំងឺប្រភេទនេះអាចឆ្លងពីមនុស្សទៅមនុស្សទាំងស្រុងនោះទេ។ ការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ​​បាលបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និង​បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

លោកជំទាវ ឱ វណ្ណឌីន បានដកស្រង់របាយការណ៍របស់អង្គការសុខភាព​ពិភពលោក​មកធ្វើការបញ្ជាក់ថា ជំងឺនេះមានការចម្លងពីមនុស្សទៅមនុស្សខ្លះៗ ហើយការចម្លងពីមនុស្ស​ទៅមនុស្សនេះគឺមានកម្រិតនៅឡើយ និងក៏មិនទាន់មានភស្តុតាងច្បាស់លាស់​និងពេញ​លេញដែលបញ្ជាក់ថាជំងឺនេះឆ្លងពីមនុស្សទៅមនុស្សនោះដែរ។ លោកជំទាវបានបន្ថែមថា គិត​មកដល់ពេលនេះជំងឺប្រភេទនេះគឺមិនទាន់កើតមានឡើងនៅកម្ពុជានោះទេ។ បើទោះបីជា​បច្ចុប្បន្ននេះកម្ពុជាមិនទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ មានវត្តមាននៅកម្ពុជាក៏ដោយចុះ ក៏ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរម្លឹកជាថ្មីឱ្យ​ពលរដ្ឋ​មានការប្រុងប្រយ័ត្នចំពោះជំងឺនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ក្រសួងថា បច្ចុប្បន្នជំងឺនេះបានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន និងបានកំពុងរាលដាលទៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ក្វាងចូវ និងទីក្រុង​ហុងកុង។ ក្រសួងសុខាភិបាលក៏បានក្រើនរម្លឹកឱ្យពលរដ្ឋមានការប្រុង​ប្រយ័ត្នក្នុងការការពារ​សុខភាពពីការឆ្លងជំងឺខាងលើនេះនារដូវបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយក្នុងនោះ​គួរតែ​ចៀសវាងការចូល​ទៅកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាម​កសិដ្ឋានចិញ្ចឹម​សត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬ​ប្រឡាក់ដោយលាមកសត្វ បសុបក្សី និងសត្វដទៃទៀត។ លើសពីនេះ គួរចៀសវាងប៉ះ​ពាល់​ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងត្រូវលាងដៃឱ្យបានញឹកញាប់​ជា​មួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភេទ​ចម្លង​រោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ ៕

ដោយ ចាន់ សុធីវង្ស