អភិបាលរាជធានីភ្នំពេញលើកឡើងថា មានសន្ដិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋឱ្យរីកចម្រើនដូចសព្វថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មានសន្តិភាព គឺមាន​ឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋដូចសព្វថ្ងៃ។ ការលើកឡើង​របស់​ឯកឧត្ដមបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិស័យ​ព្រះ​ពុទ្ធសាសនា នូវសមិទ្ធផលនានា ក្នុងវត្តអង្គបឹងចក ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា  នៅពេលប្រទេស​ជាតិមានសុខ សន្តិភាព ដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះ​គឺមានលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យកាន់តែរីកចម្រើន​បានយ៉ាងឆាប់រហ័ស។ ឯកឧត្ដមបានបន្ដថា សន្តិភាព គឺជាធាតុស្នូល ដ៏សំខាន់ដែលអាច​ឱ្យ​កម្ពុជា ធ្វើការអភិវឌ្ឍឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយប្រកបដោយសុទិដ្ឋិនិយម។ ជាមួយគ្នានេះ សម្រាប់អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែង និងការចូលរួមយ៉ាង​សស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិ​ភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំ ជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឱ្យយល់ពី គុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាព ឱ្យបានជានិច្ចនិរន្តរ៍។ ឯកឧត្ដម ឃួង ស្រេង បានរម្លឹកថា ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិក្នុងបុព្វហេតុស្តារកសាងនិងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេស បានធ្វើការអភិវឌ្ឍ ក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែក សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ គួរឱ្យកត់សម្គាល់។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវថា ចាំបាច់​ត្រូវ​ការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជា មាន​ឱកាស​គ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍន៍សង្គមជាតិនិងការពារសមិទ្ធផលនានា ដែលសម្រេច​ ​បាន​ដើម្បី​ផ្តល់ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន រស់នៅសុខសាន្ត តទៅមុខទៀត។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា វត្តអង្គបឹងចកជាវត្តដ៏​ចំណាស់មួយ មានអាយុកាលជាង ២៣០ឆ្នាំមកហើយ វត្តនេះ មានការអភិវឌ្ឍរីកចម្រើន​នៅក្រោយ​ពេលបង្កើត ព្រោះបានបន្សល់នូវសមិទ្ធិផលមួយចំនួន ប៉ុន្តែត្រូវបានបំផ្លាញ​ដោយរបបប៉ុលពត។ ក្រោយថ្ងៃរំដោះ វត្តនេះក៏បានកសាងជាបន្តប ន្ទាប់ រហូតមក​ដល់ពេលនេះ មានសមិទ្ធិផលផ្លែផ្កាជាច្រើន បានកកើតឡើង ដែលមាន​តម្លៃជាង១លាន​ដុល្លារ ត្រូវបានដាក់បម្រើក្នុវិស័យព្រះពុទ្ធសាសនា ដូចជា ព្រះវិហា កុដិ សាលាធម្មសភា ហេដ្ឋារចនាសម្ព័ន្ធ និងធនធានព្រះសង្ឃ សីលវ័ន្ត សីលវតី ជាច្រើនអង្គនាក់ បាន ប្រតិបត្តិ​នូវគន្លងពុទ្ធសាសនាដ៏ល្អនៃយើង ៕

ដោយ សួស សំរិត