សម្តេចប្រធានរដ្ឋសភា៖ សន្តិភាព គឺជាធាតុស្នូលសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ

AKP ត្បូងឃ្មុំ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ — សន្តិភាព គឺជាធាតុស្នូលដ៏សំខាន់ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយប្រកបដោយសុទិដ្ឋិនិយម។ នេះជាប្រសាសន៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២០នេះ។

ម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍ ក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់ សម្គាល់  ហើយអនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែង និងការចូលរួមយ៉ាងសស្រាក់ សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាព មូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឱ្យយល់ ពីគុណតម្លៃ នៃសន្តិភាព និងចូលរួម ជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឱ្យបានជានិច្ចនិរន្តន៍។ នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាស ធ្វើអ្វីៗបានទាំងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន  ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជាមានឱកាសគ្រប់ គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានាដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្តតទៅមុខទៀត។

សម្តេចបានរម្លឹកថា​ ក្រោយថ្ងៃរំដោះ​ ៧មករា​ ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល បានពុះពារជម្នះរាល់គ្រប់ឧបសគ្គច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ ប្រទេសជាតិនេះរាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ និងច្បាប់វិនិយោគត្រឹមត្រូវ ក្នុងការបើកចំហរនិងលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិគ្រប់ប្រភេទ។ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងគោល ដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការ ពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជា​ រោងចក្រកែ ច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្តត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារ ជូនពលរដ្ឋនៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាព របស់ប្រជាជន។

ជាមួយគ្នានេះ រដ្ឋសភាបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមាន កញ្ចប់ថវិកា សម្រាប់បន្តជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗទទួលបាន ថវិកាសរុបជាមធ្យមចំនួនប្រមាណជាង ១០ម៉ឺនដុល្លារ ហើយថវិកានេះនឹងកើន ឡើងជា លំដាប់។ ជាមួយនឹងកញ្ចប់ថវិកានេះ ឃុំ សង្កាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ គ្រប់ផ្នែក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្របតាមសកម្មភាពអាទិភាពរបស់ខ្លួន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមិទ្ធផលជាច្រើន ក្នុងវត្តជាការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។

សម្តេចបានមានប្រសាសន៍ថា វត្តអារាមគឺជាមូលដ្ឋានចម្បងក្នុងការបញ្ជ្រាប ផ្សព្វ ផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្ត ដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាន នូវសេចក្តីសុខ សេចក្តីចម្រើន និងភាព សុខដុម ក្នុងគ្រួសារ និងសង្គមជាតិដែលត្រូវជួយថែរក្សាសមិទ្ធផលនានា ក្នុងវត្តឱ្យ បានគង់វង្សផងដែរ៕

ដោយ ប៉ាល់ សុង