រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់សរុបជាង១៧ម៉ឺនដុល្លារអាម៉េរិក សម្រាប់​ជួយលើវិស័យធនធានទឹក និងកសិកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ — ក្រោមជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រាជ​រដ្ឋា​ភិ​បាលជប៉ុនបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់គម្រោងចំនួនពីរ រួមមានធន​ធានទឹក និងកសិកម្ម។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខារវាងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯក​អគ្គ​រាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង​តំណាងស្ថាប័នទទួលជំនួយចំនួនពីរ គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅ​ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា  ការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ​សម្រាប់​គម្រោងចំនួនពីរនេះ ដោយគម្រោងទីមួយសម្រាប់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត កំពង់ចាម រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ៩០,០០០ដុល្លារអាម៉េរិក ​សម្រាប់ការស្តារ​ប្រព័ន្ធ​​ធារាសាស្ត្រនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឯកឧត្ដមបន្ដថា គម្រោង នេះ​​ នឹងធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាព សម្រាប់វាលស្រែ និងពង្រីកដី​កសិកម្មស្រោចស្រព។ ឯកឧត្ដមឯកអគ្គរាជទូតរំពឹងថា តាមរយៈគម្រោងនេះ នឹងផ្តល់ផល​ប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង ៥,០០០ នាក់ ដោយបង្កើនផលិតកម្មដំណាំស្រូវ តាម​រយៈ​ស្តារឡើងវិញនូវទំនប់ទឹកដោយប្រើប្រាស់ជាផ្លូវដើម្បីដឹកជញ្ជូន ដំណាំកសិកម្មឱ្យមាន​ភាព​ងាយ​ស្រល។ ឯកឧត្ដមក៏សង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ ធ្វើអោយជីវភាពរស់នៅ របស់ពួកគាត់មានភាពប្រសើរឡើង។ ចំពោះគម្រោងទីពីរ​ សម្រាប់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ៩០,០០០ ដុល្លារអាម៉េរិក សម្រាប់​ពង្រឹងសហគមន៍កសិកម្មតាមរយៈការសាងសង់ឃ្លាំងស្តុក ដំឡើងម៉ាស៊ីនសម្ងួតម្រេច និង​ឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទី ក្នុងសហគមន៍កសិ​កម្មចំនួន២ នៅស្រុកមេមុត និងមួយទៀត​នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ តាមរយៈគម្រោងនេះ រំពឹងថា ប្រជាកសិករប្រមាណ ៤៥០នាក់ ដែលជាសមាជិករបស់សហគមន៍កសិកម្ម នឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណ ភាពផលិតផលកសិកម្មរបស់ពួកគេ និងបន្ថែមខ្សែសង្វាក់តម្លៃឱ្យកាន់តែស៊ី​ជម្រៅក្នុងអាជីវកម្ម​របស់សហគមន៍កសិកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា រដ្ឋា​ភិ​បាលជប៉ុនបានអនុវត្តន៍កម្មវិធី KUSANONE នៅកម្ពុ ជាចាប់តាំងពីឆ្នាំ ១៩៩១មក ។  រហូត​មក​ដល់ពេលនេះស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានផ្តល់ជំនួយច្រើនជាង ៦០០​គម្រោង តាមរយៈជំនួយ KUSANONE។ ទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុង​ការលើក​កម្ពស់​គុណភាព នៃជីវភាពនៅកម្រិតមូលដ្ឋានក្នុងប្រទេសកម្ពុជា៕

ដោយ ប៉ាល់ សុង