ចិនតែងតាំងបេសកជនពិសេសថ្មីសម្រាប់កិច្ចការអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា  ឆ្នាំ២០២០​ — អ្នកនាំពាក្យម្នាក់បាននិយាយពីថ្ងៃពុធថា កាលពីពេលថ្មីៗនេះ ចិនបានតែងតាំងបេសកជនពិសេសថ្មីមួយរូបសម្រាប់កិច្ចការអាហ្វហ្គានីស្ថាន ហើយនឹងបន្តដើរតួនាទីប្រកបដោយការស្ថាបនាមួយនៅក្នុងការធ្វើឱ្យសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងប្រទេសអាហ្វហ្គានីស្ថានតាមកាលបរិច្ឆេទឱ្យបានឆាប់មួយ ។

អ្នកនាំពាក្យ្រសួងការបរទេសលោក តេង សួង បានធ្វើការកត់សម្គាល់នេះនៅឯសន្និសីទសារព័ត៌មានមួយនៅពេលឆ្លើយនឹងសំណួរមួយទាក់ទងដល់សេចក្តីរាយការណ៍ដែលថា លោក ដេង ស៊ីជុន ( Deng Xijun ) អតីតបេសកជនពិសេសសម្រាប់កិច្ចការអាហ្វហ្គានីស្ថានកាលពីពេលថ្មីៗនេះ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំអាស៊ាននោះ​ ។

លោក តេង បាននិយាយថា  ចិនតែងតែបានចូលរួមយ៉ាងសកម្ម ព្រមទាំងជំរុញដំណើរការសន្តិភាព នឹងការផ្សះផ្សាគ្នាឡើងវិញ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាចំពោះការធ្វើទំនាក់ទំនងនិងការសម្របសម្រួលជាមួយភាគី ដែលមានជាប់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចូលរួមនៅក្នុងអាហ្វហ្គានីស្ថាន ។

លោក តេង បានបញ្ជាក់អះអាងថា លោក ដេង ស៊ីជុន   អតីតបេសកជនពិសេសសម្រាប់កិច្ចការ អាហ្វហ្គានីស្ថាន បានធ្វើការរួមចំណែកជាវិជ្ជមានដល់ដំណោះស្រាយនយោបាយ នៃ​បញ្ហាអាហ្វហ្គានីស្ថាន ក្នុងអំឡុងកាន់តំណែងរបស់លោក ហើយកាលពីពេលថ្មីៗនេះ បានកាន់កាប់តំណែងថ្មីរបស់លោកធ្វើជាឯកអគ្គរដ្ឋទូតចិន នៅអាស៊ាន ។

ចិនបានតែងតាំងលោក​ លីវ ជៀន ( Liu Jian  ) ធ្វើជាបេសកជនពិសេសថ្មីសម្រាប់កិច្ចការអាហ្វហ្គា-នីស្ថាន ។ លោក​ លីវ អ្នកការទូតជើងចាស់មួយរូបដែលសម្បូរដោយបទពិសោធន៍ ព្រមទាំងស្គាល់កិច្ចការ អាហ្វហ្គានីស្ថាននោះ បានធ្វើជាឯកអគ្គរដ្ឋទូតរបស់ចិន នៅអាហ្វហ្គានីស្ថាន , ម៉ាឡេស៊ី និង ប៉ាគីស្ថាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )