អាមេរិកអាចនឹងពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល ដើម្បីការពារទាហានអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ហ្វកញីវ  (២៣.០១.២០)

អាមេរិក៖ មន្រ្តីក្រសួងការពារប្រទេសរបស់អាមេរិកបានប្រាប់កាសែតក្នុងស្រុកថា ក្រសួងការពារប្រទេសអាចនឹងដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល ក្នុងប្រទេសអ៊ីរ៉ាក់  ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ ។

កាលពីដើមខែនេះ  ប្រទេសអ៊ីរ៉ង់ បានបាញ់គ្រាប់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ។  គម្រោងដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលនេះ  កើតមានឡើងបន្ទាប់ពីមានទាហានអាមេរិកមួយចំនួនត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសអាល្លឺម៉ង់  បន្ទាប់ពីពួកគេនិយាយថា ពួកគេរងរបួសក្បាល បន្ទាប់ពីការវាយប្រហារដោយគ្រាប់មីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ មក ។

កាលពីថ្ងៃទី ៨  ខែ មករានេះ  ប្រទេសអ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលចំនួន ១១ គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសអាល់អាសាដ ក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានទាហានអាមេរិកចំនួន ជាង ១.០០០ នាក់កំពុងស្ថិតនៅ ។