ខ្លាត្រី ជាសត្វស្ថិតក្នុងបញ្ជីក្រហមរបស់ IUCNវាកំពុងថយចុះយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ –នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ អង្គការ Wonders of the Mekong បានបង្ហាញពីខ្លាត្រី ដែលកំពុងថយចុះយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ ។ ខ្លាត្រី មានឈ្មោះវិទ្យាសាស្ត្រថា Prionailurus viverrinu  វាមើលទៅដូចគ្នាជាខ្លាំងទៅនឹងឆ្មាស្រុកដែលយើងទាំងអស់គ្នាស្គាល់ និងស្រឡាញ់ ប៉ុន្តែវាមានជំនាញមួយឈុតគួរឱ្យភ្ញាក់ផ្អើល ដែលផ្ទុយគ្នាទៅនឹងឆ្មាស្រុកទូទៅ។

ខ្លាត្រីដែលប្រកបដោយធនធាននេះ ត្រូវបានគេដាក់ឈ្មោះតាមសមត្ថភាពដ៏ល្បីល្បាញរបស់វាក្នុងការប្រមាញ់ចំណី ដែលជាប្រភេទពពួកសត្វក្នុងទឹកយ៉ាងសកម្មបំផុតនៅពេលយប់ ។ ពួកវាស៊ីសត្វកកេរតូចៗ បក្សី និង ត្រីទឹកសាប។ ខ្លាត្រីបានសម្របខ្លួនវាទៅនឹងជីវិតនៅក្នុងទឹក និងលើគោកជាមួយនឹងរោមខ្លី ក្រាស់ ពីរស្រទាប់ និងមិនជក់ទឹក រួមទាំងរោមវែងៗដែលផ្តល់ឱ្យខ្លាត្រីមានក្រឡាខ្លួនឆ្នូត និងរូបរាងស្រស់ស្អាត។ ពួកវាថែមទាំងមានក្រញាំជើងនិងម្រាមជើងមានទំហំធំជាងឆ្មាស្រុក ដែលធ្វើឱ្យការប្រមាញ់នៅក្រោមទឹកមានភាពងាយស្រួល។ ពពួកសត្វខ្លាត្រីដែលចូលចិត្តស៊ីត្រីទាំងនេះ អាចផ្លាស់ទីដោយសម្រាលខ្លួនយ៉ាងលឿន និងស្ងាត់ស្ងៀមនៅពេលឆ្លងកាត់ទឹករាក់នៃតំបន់ដីសើម ហើយប្រើពុកមាត់វែងៗរបស់ពួកវាប៉ះនឹងផ្ទៃទឹកដែលប្រៀបបាននឹងអង់តែន ដើម្បីចាប់រកចលនានៅក្រោមទឹក។ ពួកវាធ្វើការគណនាដោយប្រុងប្រយ័ត្ននូវចម្ងាយពិតប្រាកដនៃចំណីរបស់ពួកវា ហើយជ្រមុជក្បាលទៅក្នុងទឹកមុន បន្ទាប់មកវាយប្រហារដូចជាសត្វពស់យ៉ាងប៉ិនប្រសប់ឥតខ្ចោះ គួរឱ្យភ្ញាក់ផ្អើល។ ខ្លាត្រី ដែលគេកម្រនឹងជួបនេះ តាំងទីជម្រកនៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ប៉ុន្តែ ជម្រកពិតប្រាកដរបស់វាមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយសារតែធម្មជាតិដ៏អាថ៌កំបាំងរបស់វា។ អ្វីដែលយើងដឹងនោះគឺថា សត្វខ្លាត្រី(ឆ្មាព្រៃ)ដែលស្រឡាញ់ទឹកនេះចូលចិត្តរស់នៅតំបន់ដីសើម ព្រៃកោងកាង ឬតំបន់ព្រៃរបោះណាដែលមានសំណើម ដូចជា វាលភក់ទន្លេមេគង្គ។

ជាអកុសលតំបន់ដែលបានរៀបរាប់ខាងលើ កំពុងតែបាត់បង់ដោយសារតែចំណាប់អារម្មណ៍របស់មនុស្សក្នុងការអភិវឌ្ឍដី ។ ខ្លាត្រីកំពុងតែបាត់បង់ទីជម្រកយ៉ាងឆាប់រហ័សដូចគ្នាដែរទៅនឹងត្រីដែលជាចំណីរបស់វា។ វាត្រូវបានគេចាត់បញ្ចូលជាក្រុមសត្វ “ ងាយរងគ្រោះ” នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ចំនួនសត្វខ្លាត្រីនេះកំពុងថយចុះយ៉ាងឆាប់រហ័ស និងខិតទៅជិតការផុតពូជនៅតំបន់ជាច្រើននៃអាស៊ីអាគ្នេយ៍។ ពិតជាការចាំបាច់ណាស់ក្នុងការឈ្វេងយល់ពីសារៈសំខាន់នៃការរួមរស់ជាមួយគ្នា ប្រសិនបើយើងចង់រីករាយនឹងសត្វស្រស់ស្អាតដូចជាខ្លាត្រីនេះនៅពេលអនាគត៕

ដោយ ណយ នឿន (ប្រភពៈ Wonders of the Mekong)