អគ្គស្នងការរងនគរបាលជាតិអំពាវនាវដល់អាជា្ញធរពាក់ព័ន្ធ​ ត្រូវបង្កើនកិច្ចការពារ​សុវត្ថិភាពជូនដល់ភ្ញៀវ និងអ្នកវិនិយោគ​បរទេស

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០​ — ឯកឧត្ដម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ​បានធ្វើ​ការ​អំពាវនាវ​ដល់​មន្រ្តីនគរបាលទាំងអស់ បង្កើនការយកចិត្ត​ទុក​ដាក់​កិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូន​ដល់​អ្នក​វិនិយោគ ​និងភ្ញៀវទេសចរបរទេសបន្ថែមទៀត ខណៈឆ្នាំ២០១៩កន្លងទៅមានអ្នក​វិនិយោគ និងភ្ញៀវទេសចរបរទេសជិត១ពាន់នាក់​បានស្លាប់ និងរងគ្រោះដោយក្នុងនោះ ជន​ជាតិចិន ច្រើនជាងគេ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយតំណាងអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២០ ​នៅទីស្ដីការ​​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម បានគូសបញ្ជាក់ថា ករណីជនបរទេសដែលបានមកធ្វើការវិនិយោគ​និងទេសចរណ៍នៅ​ប្រទេសកម្ពុជានាឆ្នាំ២០១៩កន្លងទៅនេះ​គឺជួប​បញ្ហាមានការកើនឡើងជាងឆ្នាំ២០១៨​កន្លង​ទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា ​ក្នុងនាម​អាជ្ញាធរមានសមត្ថកិច្ចការពារ ត្រូវ​បង្កើន​​សកម្មភាពការ​ពារពួកគេបន្ថែមទៀត និងឱ្យបានទាន់ពេលវេលាបំផុត ជាពិសេស ត្រូវ​បង្កើនការយកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ​ចំពោះ​គោល​ដៅស្ថានទូត និវេសនដ្ឋាន មន្រ្តីការទូត វិនិយោគិនបរទេស និងអ្នកទេសចរបរទេស​ប្រកបដោយសុវត្ថិភាពនិង​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បាន​បន្ថែមថា ទន្ទឹមនេះ បន្តពិភាក្សាការងារជាមួយ បណ្តា​ស្ថានទូត ស្ថានតំណាងបេសក​កម្មនៅ​កម្ពុជា ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា និងត្រូវ​ដោះ​ស្រាយ​រាល់​​សំណូមពររបស់អ្នកវិនិយោគិនបរទេសឱ្យបានឆាប់រហ័ស​ផងដែរ។

សូមរម្លឹកថា ក្នុងឆ្នាំ២០១៩ មានជនបរទេសមកប្រទេសកម្ពុជា រងគ្រោះ៥៥៨ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៨ កើនឡើង៣១​ករណីស្មើនឹង៥,៥ភាគរយ និងមានជនរងគ្រោះ​៦៨១នាក់ ស្លាប់​២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ២១៣នាក់ និងបទល្មើស​ផ្សេងៗ​ចំនួន១២៣នាក់។ ក្រៅពីជនបរទេស​រងគ្រោះ ក៏នៅមានជនបរទេសប្រព្រឹត្តបទល្មើស​សរុបចំនួន ៣២៤ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៤៩ករណី ស្មើនឹង១៥,១២ ភាគរយ) ឃាត់ខ្លួន ១៤៣៣នាក់ មាន ៤០សញ្ជាតិ លើ ២២រាជធានីខេត្ត លើបទល្មើស ២៣​ប្រភេទ សញ្ជាតិប្រព្រឹត្តបទ​ល្មើសភាគច្រើនគឺចិន វៀតណាម ថៃ ឥណ្ឌា កូរ៉េខាងត្បូង ហើយ​ភូមិសាស្ត្រដែលកើតមានភាគច្រើនគឺនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ដោយឡែកករណីបណ្ដឹង​សុំអន្តរាគមន៍សរុប ៥៧ករណី (មិនទាន់បញ្ចប់មាន ៣៦ករណី ជា​របស់ស្ថានទូតចិន ៣២ករណី ស្ថានទូតឥណ្ឌា ០១ករណី និងជនជាតិចិន ០៣ករណី ដោយ​មូលហេតុកំពុងស្ថិតក្នុងការ​ស្រាវជ្រាវស៊ើបអង្កេតបន្ត)។ បើប្រៀបធៀបជាមួយឆ្នាំ២០១៨ កើន​ឡើង ២១ករណី ស្មើនឹង ៣៦,៨៤ភាគរយ៕

ដោយ រិទ្ធី