សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិក្នុងឱកាសចូលឆ្នាំចិនខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ជូ​ន​ពរ​បង​ប្អូនខ្មែរ-ចិន និងជនរួមជាតិ ជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភ​សំណាង និងហេង ហេងគ្រប់ៗគ្នា ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា នៅសល់តែ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ មួ​យ​ឆ្នាំៗ​ពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែ​មេសា​ខា​ង​មុខ។ សម្ដេចតេជោបានបន្ដថា សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិន​ក៏មានកាន់តែ​ច្រើន ហើយបងប្អូនមានជីវ​ភា​ព​​រស់នៅកាន់តែធូរធារផងដែរ។ សម្ដេចតេជោបន្តទៀតថា តាម ធម្មតាឱ្យតែចូលឆ្នាំចិនម្តងៗ គឺបាន​ស​ប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញ និយម និយាយថា “ ចូលឆ្នាំចិន ស្រវឹង​ខ្មែ​រ​”​។ សម្ដេចតេជោបានលើកឡើងថា តែសូមចៀស​វាង​កុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជា​ពិសេស​ក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

សម្ដេចតេជោក៏សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខ​ចម្រុង​ចម្រើន និងទទួល​បា​​ន​លាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូល​ឆ្នាំចិនខាង​មុខនេះ។​អរគុណសន្តិ​ភា​ព​៕

ដោយ ជឹម ណារី