ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Huawei ចុះហត្ថលេខាការប្រគល់ និងទទួលសម្ភារ បរិក្ខារ និងកម្មវិធីបណ្តុះបណ្តាលអំពីបច្ចេកវិទ្យា5G

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជា​សាក្សី​ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការប្រគល់ទទួលសម្ភារ បរិក្ខារនិងសេវាកម្មសម្រាប់ មជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ប្រព័ន្ធវីដេអូនៃសន្និសីទថ្នាក់រៀន និងកម្មវិធីបណ្តុះបណ្តាល អំពី បច្ចេកវិទ្យា 5G។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍។ នេះបើយោងតាមការ​ផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ការចុះហត្ថលេខានេះបាន​បញ្ជាក់​អំពីការបោះជំហានមួយទៅមុខទៀតរបស់ក្រសួង និងគាំទ្រដល់រាជរដ្ឋាភិបាលដើម្បី​សម្រេច​បាននូវចក្ខុវិស័យគោលនយោបាយ និងក្តាប់នូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្ម​ជំនាន់ទី​៤.០ និងសេដ្ឋកិច្ចឌីជីថល ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានដើរតួនាទីយ៉ាង​សំខាន់ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់ស្ថាប័នរដ្ឋាភិបាលដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុន Huawei នៅពេលនេះពិតជាជួយកែលម្អផលប័ត្រដែលមានស្រាប់របស់យើងឱ្យកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាកម្មឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ចំពោះការចូលរួម​ចំណែកក្នុងការប្រគល់សម្ភារ បរិក្ខារនិងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាគមនាគមន៍​និងព័ត៌ មានដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋ មន្ត្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei នឹងរីកចម្រើនកាន់តែខ្លាំងក្លា ព្រមទាំងដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យា​របស់​បណ្តា​ប្រទេសនៅក្នុងតំបន់៕

ដោយ រិទ្ធី