សហភាពអឺរ៉ុបប្រកាន់ជំហរច្បាស់លាស់ក្នុង​ការ​ធ្វើកិច្ចសហប្រតិបត្តិការល្អនិងពេញលេញជាមួយ រាជរដ្ឋាភិបាលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ — លោកជំទាវ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានអះអាងថា សហភាពអឺរ៉ុប តែងប្រកាន់ ជំហរច្បា​ស់​លា​ស់ ​ក្នុង​ការ​ធ្វើកិច្ចសហប្រតិបត្តិការល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាលដើម្បី​​បន្តចូ​លរួ​ម​ចំ​ណែកជំរុញ​កិច្ចអភិវឌ្ឍនៅ​កម្ពុជា។

ការអះអាងនេះធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២០ នៅ​ទី​ស្តី​​ការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយ លោកជំទាវ ឯកអគ្គរដ្ឋទូត បានបង្ហាញសញ្ញាវិជ្ជ​មា​ន​ជា​ច្រើនសម្រាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបសម្រាប់អាណត្តិដែល លោ​​ក ​ជំទាវ មកបំពេញតួនាទីជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

លោកជំទាវ ខាមែន ម៉ូរេនូ បានបញ្ជាក់ថា«នឹងបន្តគាំទ្រជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-សភាពអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ និងជាយុទ្ធសាស្រ្តថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិ​ការ​ដែ​ល​ស្រ​ប​តា​មតម្រូវការជាអាទិភាព ជាក់ស្តែង និងកម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាប​ន្តកា​រគាំ​ទ្រ​ដ​ល់​ក​ម្មវិធីនៃកិច្ចសហប្រតិបត្តិការដែលកំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ (Public Financial Management Reform Program) ការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។»

ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែ​ល​បា​ន​គាំ​ទ្រ ដល់ប្រតិបត្តិការរបស់សហភាពអឺរ៉ុប រហូតទទួលបានជោគជ័យក្នុងកិច្ចសហ​ប្រតិ​បត្តិ​ការ​កន្ល​ង​ម​ក​។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះស​ហភាព​អឺរ៉ុ​បដែលមានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ឈា​ន​​ឆ្ពោះ​ទៅគោលដៅឆ្នាំ ២០៣០ និង ២០៥០ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រ​តិបត្តិ​ការដែ​លកា​ន់​តែ​រឹ​ង​មាំ​ជា​ងមុន។

ដើម្បីបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា សហភាពអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ និងជា​យុ​ទ្ធ​សា​​ស្រ្តថែមទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចថា «ក្រៅ​ពីជំ​នួ​យសម្រាប់ការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance, ODA) ដែល​នៅតែ​ប​ន្ត​ដើ​រ​តួ​នា​ទី​សំខាន់ចូលរួមចំណែកសម្រាប់ការអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈ​ពេលមធ្យ​មខា​ងមុ​ខ​នេះ​​កម្ពុ​ជា ត្រូវការជាចាំបាច់នូវពិពិធកម្មសេដ្ឋកិច្ចជាមួយដៃគូសំខាន់ដូចជាសហភាពអឺរ៉ុប តាម​រ​យៈ​​កិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ទាក់ទាញវិនិយោគ និងពា​ណិជ្ជ​ក​ម្ម​ម​ក​ពី​ស​ហ​គ​ម​អឺ​រ៉ុប។»

ក្នុងន័យនេះ កម្ពុជា កំពុងតែខិតខំឱ្យមានការយល់កាន់តែច្បាស់អំពីកម្ពុជា លើកកម្ពស់​ភា​ព​​ប្រកួតប្រជែងរបស់កម្ពុជា រៀបចំកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថានសម្រាប់ការ​វិនិ​យោ​គ​នៅ​កម្ពុជាឱ្យកាន់ល្អប្រសើរ សម្រាប់ទាក់ទាញវិនិយោគិនមកពីសហគមអឺរ៉ុប ។

ជាមួយគ្នា នេះត្រូវខិតខំបន្ថែមក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវា​ង​កម្ពុជា និងអឺរ៉ុប តាមរយៈ ទេសចរណ៍ បម្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និង​វិ​ជ្ជាជីវៈ និងការតភ្ជាប់ (Connectivity) ទាំងផ្នែក ទន់ និងផ្នែករូបវន្ត ជាដើម៕

ដោយ គង់ សិរីរ័ត្ន