ភ្លើងឆេះចម្ការកូនឈើដាំសម្រាប់ធ្វើមេពូជជាង ៤០ហិកតានៅស្រុកបន្ទាយស្រីខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ — លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នាក្រៅ បាន​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹង​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះថា ចម្ការកូនឈើដាំសម្រាប់ធ្វើមេពូជជាង ៤០ហិកតា ក្នុងចំណោម ៦០០ហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​ភ្លើងឆាបឆេះកាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ករណីនេះបានកើតឡើងចាប់ពីម៉ោង៤ល្ងាចដល់ម៉ោង៩និង៥៥នាទីយប់ទើបពន្លត់បាន​។

លោក សេង លន ​បាន​បង្ហាញពី​ការ​ព្រួយ​បារម្ភចំពោះបញ្ហាភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ ដោយសារ​តែ​នៅ​ក្នុងតំបន់នេះ មាន​ចម្ការមេពូជឈើគ្រញូងជាច្រើន​ហិកតា ដែលមាន​សត្វព្រៃរស់នៅជាច្រើនប្រភេទ ហើយ​ត្រូវ​បាន​ជនខិលខូចព្យាយាម​លួចកាប់និង​ដុតបំផ្លាញ។លោកថា បើសិនជាមានករណីឆេះនៅក្នុង​តំបន់​អភិរក្ស​ចម្ការមេពូជឈើគ្រញូងនេះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជាពិសេសគឺប្រភេទឈើកម្រ និង​សត្វព្រៃ។

លោកបាន​បញ្ជាក់ថា បច្ចុប្បន្ននេះសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ ដែលស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ត​សៀមរាប បាន​ប្រើប្រាស់វិធាន​ការ​គ្រប់មធ្យោបាយដើម្បី​ទប់ស្កាត់ភ្លើងឆេះព្រៃនេះ ប៉ុន្តែលោកបានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋទាំង​អស់ចូលរួមការពារភ្លើងឆេះព្រៃនេះទាំងអស់គ្នា ប្រសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋទេ បញ្ហាភ្លើងឆេះព្រៃនេះ ប្រឈម និង​មាន​ការ​កើត​ឡើងខ្លាំង។

សូមបញ្ជាក់ថា នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ មាន​ចម្ការមេពូជឈើគ្រញូងដែលដុះដោយធម្មជាតិជាច្រើន​ហិកតា ត្រូវបាន​អភិរក្ស និង​មាន​ចម្ការកូនឈើចម្រុះដាំឡើងវិញជាច្រើនទៀត ដែលត្រូវ​ចូលរួមការ​ពារទាំង​អស់គ្នា៕

ដោយ​ ឃុត សៅ