ត្រីចង្វាអង្គរត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមដែលជិតផុតពូជ គេរកវាឃើញដំបូងនៅតំបន់អង្គរ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ –អ្នកវិទ្យាសាស្ត្របានរកឃើញត្រីចង្វាអង្គរដំបូងនៅតំបន់អង្គរ ទើបដាក់ឈ្មោះថា «ត្រីចង្វាអង្គរ» កាលពីពេលថ្មីៗនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានដកស្រង់ត្រីមានស្រកាមួយប្រភេទចេញពីប្រភព មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា fishbase.org និង iucnredlist.org ដែលមានរស់នៅក្នុងទឹកសាបនៃទន្លេមេគង្គ អាងទន្លេចៅប្រាយ៉ា និងឧបទ្វីបម៉ាឡាយូ ក្នុងតំបន់អាស៊ី ។

ត្រីចង្វាអង្គរ មានឈ្មោះវិទ្យាសាស្ត្រ (Garra Cambodgiensis) និងឈ្មោះជាភាសាអង់គ្លេស Stonelapping minnow មានស្តង់ដារប្រវែងដងខ្លួនអតិបរមា ១៥ សង់ទីម៉ែត្រ។ ត្រីចង្វាអង្គរ មានរស់នៅក្នុងទីជម្រកដែលនៅបាតក្រោមមានថ្ម និងទឹកជួរ ជាពិសេសតំបន់ភ្នំដែលមានទឹកធ្លាក់ហូរចូលអូរ ឬស្ទឹង។ ជាប្រភេទត្រីដែលគ្មានតម្លៃសេដ្ឋកិច្ច ត្រីចង្វាអង្គរ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញដំបូងនៅតំបន់អង្គរ ទើបគេសន្មត់ដាក់ឈ្មោះវាថា «ត្រីចង្វាអង្គរ» តែម្តងទៅ។ ត្រីចង្វាអង្គរ មានបីប្រភេទគឺ ទី១-ត្រីចង្វាអង្គរ, ទី២-ត្រីចង្វាអង្គរភ្នំ, និង ទី៣-ត្រីចង្វាអង្គរមុខពីរ។ ត្រីប្រភេទនេះ ស៊ីប្លុងតុងសត្វ ប្លុងតុងរុក្ខជាតិ និងសត្វល្អិតជាអាហារ។ ត្រីចង្វាអង្គរ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List Least Concern (LC) ក្នុងឆ្នាំ២០១១ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួច ដែលថា វានឹងអាចឈានទៅផុតពូជនោះ។

លក្ខណៈសម្គាល់របស់វា មានព្រុយខ្នងគ្មានទ្រនុងរឹង តែមានទ្រនុងទន់ចំនួន៨ទ្រនុង មានឆ្នូតកាត់ទទឹង មានពុកមាត់។ បបូរមាត់ស្ថិតនៅផ្នែកខាងក្រោម រាងមូលសំប៉ែត។ មានឆ្នូតខ្មៅស្ថិតនៅចំខ្សែឆ្នូតចំហៀងដងខ្លួន។ ស្រកានៅលើខ្សែឆ្នូតចំហៀងដងខ្លួនមានចំនួន ៣២-៣៥ស្រកា។ មានដុំពកតូចៗ នៅចន្លោះពីមាត់ដល់ភ្នែក។ សព្វថ្ងៃត្រីប្រភេទនេះ កំពុង ប្រឈមនឹងការបាត់បង់ទីជម្រក និងការនេសាទហួសកម្រិត គឺជាកត្តាគំរាមកំហែងដ៏មានសក្តានុពលដល់ពួកវា។ ប៉ុន្តែត្រីប្រភេទនេះ ពុំមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចឡើយ នាពេលបច្ចុប្បន្ននេះ ៕

(ដោយ ណយ នឿន ប្រភពៈWonders of the Mekong)