សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ ​ចូលរួមបិទ​​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​អនុវត្ត​ន៍ឆ្នាំ​២០២០​ រប​ស់បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ ​បានអញ្ជើញ​ចូលរួម​ក្នុង​ពិធីបិ​ទ​សិក្ខា​សាលាបូ​ក​សរុប​​លទ្ធផ​លការងារឆ្នាំ២០១៩ និងលើកទិសដៅ​អនុវត្តន៍​ឆ្នាំ២០២០ របស់កងទ័ពជើងទឹក កាលពី​ថ្ងៃ​ទី​២០ ​ខែ​មករា ​ឆ្នាំ​២០២០ នៅបញ្ជាការកង​ទ័ពជើង​ទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្ដម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ឱ្យ​ដឹង​ថា ជារៀងរាល់ឆ្នាំ កងទ័ពជើងទឹក​តែងតែយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ ​នូវ​បទ​បញ្ជារបស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានខិត​ខំកសាង និងពង្រឹងប្រៀបការពារជាតិ ដោយបានពង្រឹង​​ប្រព័ន្ធលេណដ្ឋានប្រយុទ្ធ បញ្ហា​ប្រយុទ្ធ អាវុធគាំទ្រគ្រប់ប្រភេទ សង្កេតការណ៍គ្រប់គ្រងសភាពការណ៍ និងរាយ​ការណ៍​បាន​ជា​ប្រចាំ​តាមឋានានុក្រម។ ទន្ទឹមនេះ ក៏បានជំរុញកិច្ចសហការ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធដទៃ​ទៀត​ ពង្រឹងការអនុវត្តច្បាប់ ពង្រឹងភូមិ-ឃុំ មានសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបភាពអនាធិប​តេយ្យ រក្សាសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ ធានាសុវត្ថិភាពជូនគណប្រតិភូជាតិ-អន្តរជាតិ និងពិធីផ្សេងៗ បានយ៉ាងល្អប្រសើរ។

ឯកឧត្ដម នាយខេត្តមនាវីបានបន្ដថា នៅក្នុងឆ្នាំ២០១៩ ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ កងទ័ពជើងទឹក បាន​បន្ត​យក​ចិត្តទុកដាក់​បង្កើន​ការ​ងារ​ហ្វឹកហ្វឺន​ អប់រំ​នយោបាយសតិអារម្មណ៍ ដល់យោធិនគ្រប់រូប ក្នុង​គោល​បំណង ដើម្បីពង្រឹងមនសិកា​ស្នេហាជាតិ ស្មារតីភ្ញាក់រលឹក គោរពបទវិន័យបទបញ្ជា ចូលរួមយ៉ាងសកម្ម ក្នុង​កិច្ចការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារភាពសុខដុមរមនា របស់ប្រជាជន ព្រមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍកងយោធពលខេមរភូមិន្ទ និង​សង្គម​ជាតិ។ បន្ថែមពីនេះ ក៏​បានយកចិត្តទុកដាក់ការងារហ្វឹកហ្វឺនជំនាញ ជួយសង្គ្រោះ គ្រោះ​មហន្តរាយផ្សេងៗ ដើម្បីបង្កើនសមត្ថភាព​ឱ្យ​ដល់កម្លាំងអន្តរាគមន៍​ ជួយសង្គ្រោះរបស់អង្គភាព ថែមមួយកម្រិតទៀត។ ឯកឧត្ដម នាយឧត្តម​នាវី​ ទៀ វិញ បានបន្ថែមថា ការងារធានាភស្តុភារ ហិរញ្ញវត្ថុ សម្ភារ បច្ចេកទេស កងទ័ពជើងទឹកបានជំរុញឱ្យស្ថាប័នជំនាញ អនុវត្ត​ន៍ក្នុងស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ពីស្ថាប័នជំនាញរបស់ថ្នាក់លើ គឺត្រូវគ្រប់គ្រង ប្រើប្រាស់ឱ្យបានត្រឹមត្រូវទទួល និងបើកចែកឱ្យបានគ្រប់ ទាន់វេលាដល់​អង្គភាព និង​យោធិនគ្រប់ៗរូប ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពកាន់​តែ​ប្រសើរឡើង។

សម្តេចពិជ័យសេនា ទៀ បាញ់ បាន​មានប្រសាសន៍កោតសរសើរពីការខិតខំបំពេញ​ការងាររយៈពេលពេញមួយឆ្នាំ របស់កងទ័ព​ជើង​ទឹក​​ទទួលបានផ្លែផ្កា និងមានការរីកចម្រើន​តាម​​បណ្តាអង្គភាពចំណុះនេះ ក៏ដោយសារមានការសហ ការ​ល្អ​ពី​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ផងដែរ។ សម្តេចពិជ័យសេនា​បានជំរុញដល់នាយទាហាន ពលទាហានទាំងអស់ត្រូវបន្តការហ្វឹកហ្វឺនរៀនសូត្រ អប់រំចិត្ត​សាស្រ្ត​ ដើ​ម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់រាល់ការប៉ុន​ប៉ងផ្សេងៗ បង្កភាព​អសន្តិសុខ​ក្នុង​សង្គមជាតិ ៕

ដោយ សំ សាម៉ន