ប្រជាពលរដ្ឋ ១៩៥ គ្រួសារ មកចាប់ឆ្នោតទទួលយកដីឡូត៍សម្បទានសង្គមកិច្ច ក្នុងស្រុកឆ្លូង ខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — ប្រជាពលរដ្ឋ ១៩៥ គ្រួសារ ទទួលបានដីឡូត៍សម្បទានសង្គមកិច្ចស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រ ចេះ បន្ទាប់ពីការចាប់ឆ្នោតយកទីតាំង កាលពីព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្សឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០។   ពិធីនេះធ្វើឡើងដោយ​មានការអញ្ជើញ​ចូល​រួមពីលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ខេត្ដក្រចេះ​ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អភិបាល អភិបាលរងស្រុកឆ្លូង ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។

លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសណង់​ខេត្ត​ក្រចេះបានឱ្យដឹងថា ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ពីឯកឧត្ដមអភិបាលខេត្ត ក៏ដូចជាលោកអភិបាលស្រុក ក្នុងការពន្លឿនការដោះ ស្រាយនូវបញ្ហាទំនាស់ដីធ្លីរួចរាល់ រហូត​ដល់មានការចាប់ឆ្នោតជ្រើសរើសទីតាំងរបស់បងប្អូននាពេលនេះ។  លោកបានលើកឡើងថា ក្រោយពីការចាប់ឆ្នោតទទួលបានដីឡូត៍នេះហើយ បងប្អូនដែលជាម្ចាស់ដីត្រូវចូលរួមជាមួយ​មន្រ្តីជំនាញដែលនឹងចុះបង្ហាញដីឡូត៍របស់បងប្អូន ហើយត្រូវចូលទៅកាន់កាប់ បោសសម្អាត និងអាស្រ័យផលលើទីតាំងដីរបស់ខ្លួន។

លោកប្រធានមន្ទីរបន្ដថា ចំពោះបងប្អូនដែលទទួល​បានដីឡូត៍​ដែលមានទីតាំងជាប់និងតំបន់អូរ ព្រែក ក្នុងមួយចំណែកតូចនោះគឺត្រូវមានការ​សប្បាយចិត្តចុះ ព្រោះជាតំបន់មានទឹកស្រាប់សម្រាប់ស្រោចស្រព តែករណីប៉ះពាល់ច្រើន​។​ចំណែកគឺជាអាទិភាពរបស់ ក្រុមការងារដែលនឹងធ្វើការចង្អុលបង្ហាញប្តូរដីឡូត៍ដែលទំនេរ​ជូន ភ្លាមៗ ដោយមិនចាំបាច់មកធ្វើការចាប់ឆ្នោតម្តងទៀតនោះទេ។ លោកបានបញ្ជាក់ទៀតថា ក្នុងករណីឃើញថាមានបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីឡូត៍ បានចូលទៅស្នាក់នៅ ធ្វើ​សកម្មដាំដុះដំណាំនិងអាស្រ័យផលហើយនោះ អង្គការ GIZ នឹងចូលរួមឧបត្ថម្ភគាំទ្រក្នុងការ​កសាងនិងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានដីរបស់បងប្អូន ហើយអាជ្ញាធរខេត្ត និងបន្តកៀរគរស្វែងរកជំនួយដើម្បីយកមកធ្វើការកសាងនិងអភិវឌ្ឍន៍​ ដើម្បីឱ្យសេដ្ឋកិច្ចបង​ប្អូន រស់នៅក្នុងដីសម្បទានសង្គមកិច្ចនេះ មានការអភិវឌ្ឍកើនឡើង សំដៅកាត់បន្ថយ​ភាព ក្រីក្រ​តាមទីជនបទ និងបង្ខិតគម្លាតផ្នែកសេដ្ឋកិច្ច និងសេវាកម្មផ្សេងៗរវាងទីក្រុងនិងជន បទ ឱ្យកាន់តែគៀកជិតគ្នា៕

ដោយ  ជួន សុជាតិ