ក្រសួងបរិស្ថានប្រកាសថា ស្ថានភាពគុណភាព ខ្យល់នៅព្រះរាជា ណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ

AKP  ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — យោងតាមលទ្ធផលនៃការពិនិត្យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានរហូតមកដល់ម៉ោង ១៣ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ ស្ថានភាពគុណភាព ខ្យល់នៅព្រះរាជា ណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានលើកឡើងថា កំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ PM2.5 មាន កម្រិតនៅក្នុងរង្វង់ស្តង់ដារកម្រិត៥០ ដែលបង្ហាញថាគុណភាពខ្យល់ទាំង នៅរាជធានី​ភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។ ទន្ទឹមនេះ ស្ថានភាពគុណភាពល្អប្រសើរវិលមករកសភាពដើមវិញនេះតាំងតែពីថ្ងៃទី១៨ ខែមករាមកម៉្លេះ ក្រោយពីមានការកើនឡើងហួសកម្រិតស្តង់ដារកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ។
មន្ទីរ​ជំនាញក្រសួងបរិស្ថានបន្តតាមដានជាប្រចាំស្ថានភាពគុណភាពខ្យល់ និងបន្តផ្តល់ ព័ត៌​មាន​ជាប្រចាំដល់សាធារណជន។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីជំនាញបរិស្ថានទាំងអស់ រួមនឹងអាជ្ញា ធរពាក់ព័ន្ធជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានរួមនឹងបងប្អូនប្រជាពលរដ្ឋ ដែល​បានចូលរួមអនុវត្តន៍វិធានការមួយចំនួនតាមការអំពាវនាវរបស់ក្រសួងបរិស្ថាន និងស្នើសុំបន្ត​អនុវត្តន៍វិធានការនេះជាប្រចាំដើម្បីចូលរួមថែរក្សាស្ថានភាពគុណភាពខ្យល់នៅកម្ពុជា។

ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែមករា បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរ​បរិស្ថាន រាជធានី ខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិអនុវត្តវិធានការ មួយចំនួន រួមមាន ១. ត្រូវចាត់វិធានការទប់ស្កាត់ភ្លើង ឆេះ ព្រៃ និងការដុត សំរាម សំណល់រឹងនៅតាម​ទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។ ២. ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការ ដ្ឋាន សំណង់ និងការដ្ឋានកែលម្អហេដ្ឋា រចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣. សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ។ ៤. ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និង សំណល់ កសិកម្មផ្សេងៗទៀត។

ក្រសួងបរិស្ថានបានអះអាងថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុង ខ្យល់​នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាន នៅក្នុង​បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។ ជាមួយគ្នានេះ ប្រភពនិងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យ​មាន​កំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ការបញ្ចេញផ្សែង ពីរោង ចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើង​ឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់​រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម៕

ដោយ រិទ្ធ