រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃអះអាងថា ការផាកពិន័យចរាចរណ៍នៅកម្ពុជា​មានភាពធូរស្រាលជាង​បណ្តាប្រទេសផ្សេងៗ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃនិងជាប្រធាន​គណៈ​កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអះអាងថា ការផាកពិន័យពីការមិនគោរពច្បាប់​ចរាចរណ៍នៅកម្ពុជាមានភាពធូរស្រាលជាងបណ្តាប្រទេសផ្សេងៗនៅលើសកលលោក ដែល​ប្រទេសខ្លះ​បានកិនកម្ទេចហើយ ទើបផ្ញើរមកម្ចាស់វិញ។ ការថ្លែងរបស់សម្ដេចក្រឡា​ហោម​នេះ ក្នុងពីធី​បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅ​ការ​ងារ​ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជក់ថា “បើពិតបណ្តាប្រទេសផ្សេងៗ​គេផាក​ពិន័យធ្ងន់ណាស់  មិនចាំបាច់និយាយប្រទេសណាទេ គឺប្រទេសវៀតណាម​បានផាក​ធ្ងន់​ណាស់​រហូតដល់២,០០ដុល្លារ ឬ៣,០០០ដុល្លារឯណ្ណោះ។ បើប្រទេសខ្លះទៀត ខ្ញុំមិនបញ្ចេញ​ឈ្មោះទេ គឺផាកលើកទី១បើមិនគោរព គេព្រមាន ឬមានវិធានការអ្វីមួយ លើកទី២ បើអ្នកនឹង ព្រមានទៀត រហូតដល់លើកទី៣ យករបស់ទៅតែម្តង រហូត១ខែ​បានគេផ្ញើរមកវិញ។ ប៉ុន្តែគេផ្ញើរមកមកជាកាដូដោយកិនឱ្យខ្ទេចផ្ញើរមកម្ចាស់វិញ ដែលនេះប្រទេសរីកចម្រើនបំផុ ត​នៅលើកសកល បានធ្វើបែបនេះ។” សម្ដេចក្រឡាហោមបានលើកឡើងថា ការផាកពិន័យ​នៅកម្ពុជាមានភាពធូររលង់នៅឡើយ ដោយសារមានភាពយោគយល់ច្រើន។ ជាក់ស្តែង​នៅ​ពេលកន្លងមកនេះមានការអនុវត្តដោយផាកអ្នកមិនពាក់មួកសុវត្ថិភាព ដោយចាប់ម៉ូតូទុកនៅ​កន្លែងដោយមិនទុកនៅកន្លែងវាល ឬកន្លែងណាមួយដែលធ្វើឱ្យបាត់បង់នោះទេ រហូតឱ្យម្ចាស់ ទៅទិញមួក ពាក់ទើបអនុញ្ញាតឱ្យយកម៉ូតូទៅ។

សម្ដេចក្រឡាហោមបានបន្ថែមថា “សូមកុំធ្វើការចាប់ម៉ូតូទុកម្តុំ​ហើយរបស់​ក្លាយជា​របស់​អេតចាយ ឬពុកផុយ ហើយតុលាការមិនទាន់ចាត់វិធានការ  ដែលធ្វើឱ្យរបស់គេខូចខាត គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”៕

ដោយ ប៊ុនរិទ្ធ