កិច្ចប្រជុំសាមញ្ញលើកទី៤ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — លោកជំទាវ ប្រាក់ ច័ន្ទសុខា  ប្រធានគណ:កម្មាធិការស្ត្រី និងកុមារខេត្តព្រះសីហនុ  បើកកិច្ច ប្រជុំសាមញ្ញលើកទី៤ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្នុងការគ្រប់គ្រងករណីសមាហរណកម្មកុមារក្នុងគ្រួសារ និងការឆ្លើយតប ទប់ស្កាត់អំពើហិង្សា លើកុមារ ប្រចាំខែមករា ឆ្នាំ២០២០។

កិច្ចប្រជុំ មានរបៀបវារ:ចំនួន៩  ក្នុងនោះ ១. មតិស្វាគមន៍បើកកិច្ចប្រជុំ, ២.ពិនិត្យកូរ៉ុម ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារ: នៃកិច្ចប្រជុំ, ៣.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត, ៤.សេចក្តីរាយការណ៍សង្ខេប ស្ដីពីទិន្នន័យស្ថាន ភាពកុមារងាយរងគ្រោះ តាម​ស្រុក​នីមួយៗនិងសេវាដែលស្រុកនីមួយៗបានអនុវត្តន៍ និងអនុសាសន៍ដែលបាន​អន្តរា​គមន៍​(ការចែករំលែកទិន្នន័យករណីដែលបានអនុវត្តន៍កន្លងមក), ៥.បទបង្ហាញអំពីលទ្ធផល​ការងារ​សមាហរណកម្ម, ៦.បទបង្ហាញអំពីលទ្ធផលការងារ 3PC, ៧.បទបង្ហាញពីសួចនាករក្នុង​ការ​ប្រមូលទិន្នន័យកុមារងាយរងគ្រោះ, ៨.ការពិភាក្សា និងយោបល់ចូលរួមរបស់មន្ទីរពាក់ព័ន្ធ  មន្ត្រីថ្នាក់ស្រុក និងអង្គការនានា, ៩.មតិបូកសរុបលទ្ធផលកិច្ចប្រជុំ។

លោកជំទាវ ប្រាក់ ចន្ទសុខា ប្រធានគណ:កម្មាធិការស្ត្រី និងកុមារបានមានប្រសាសន៍ កោតសរសើរមន្ទីរពាក់ព័ន្ធ និងអង្គការនានា ដែលបានបំពេញការងារតាមតួនាទី ភារកិច្ច ក្នុងការផ្តល់ភាពកក់ក្តៅដល់ស្ត្រី និងកុមារនៅខេត្តព្រះសីហនុ ទទួលបានផ្លែផ្កាល្អ បន្តត្រួត​ពិនិត្យទិន្ន​ន័យកុមារងាយរងគ្រោះ និងកុមារដែលបានធ្វើសមាហរណកម្មទៅរស់នៅជាមួយ​គ្រួសារ​នៅតាមឃុំ សង្កាត់ ស្រុកនីមួយៗ។ ទន្ទឹមនេះ បន្តពិនិត្យមើលការផ្តល់សេវាកិច្ច​ការពារ​កុមារ និងសេវាសង្គមដល់កុមារ និងគ្រួសារក្នុងការធ្វើសមាហរណកម្ម និងទប់ស្កាត់ការបែក​ចេញពីគ្រួសារកុមាររងគ្រោះដោយអំពើហិង្សាទាំង ៣ប្រភេទ មានដូចជា ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ លោកជំទាវក៏បានជំរុញដល់ស្រុកនីមួយៗរៀបចំសម្រប​សម្រួលស្វែងរកសេវា​សម្រាប់គាំទ្រ ដល់កុមារដែលងាយរងគ្រោះ និងកុមារដែលបានធ្វើសមាហរណកម្មទៅរស់នៅ​ជាមួយគ្រួសារ ក្នុងឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់អំពើហិង្សា ការ​កេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ និងការជួញ ដូរកុមារតាមគ្រប់រូបភាពនៅខេត្ត​ព្រះសីហន ព្រោះកុមារអាចប្រឈម និងងាយរងគ្រោះដោយសារការចាញ់បោក និងការអូសទាញពីគ្រប់​រូបភាព ៕

ដោយ ងូ សុមុនី