រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃចង់ធ្វើវិសោធនកម្មច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិ​ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាត់ទុកអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺដល់កម្រិតមួយឈានដល់ការប្រកាសអាសន្ន។ ទន្ទឹមនេះ ដើម្បីដោះស្រាយ បញ្ហានេះ​ សម្តេចក្រឡាហោមចង់ធ្វើវិសោធនកម្មច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងច្បាប់​ចរាចរណ៍​ឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សម្តេចចង់ឱ្យមានការធ្វើវិសោធន​កម្ម​ច្បា​ប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកែប្រែលើអនុក្រឹត្យ ដើម្បីបង្កើនកម្រិតផាកពិន័យអ្នក​ប្រព្រឹត្ត​ល្មើសច្បាប់បើកបរឱ្យបានធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន។ សម្ដេចក្រឡាហោមបានគូស​បញ្ជាក់ថា  ការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកែប្រែលើអនុក្រឹត្យ គឺអាច​ឈាន​ដល់ការដកប័ណ្ណបើកបររបស់អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរញៀនថ្នាំ​ត្រូវពិន័យលែងឱ្យបើកបរមួយជីវិត។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមក៏បានបង្ហាញនូវ​ការ​ភ្ញាក់​ផ្អើលជាខ្លាំង ចំពោះអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលមានរហូតដល់ជាង៤ពាន់លើក និងបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជិត២.០០០នាក់។ សម្តេចក្រឡាហោម ចាត់ទុកអត្រា​គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាកម្រិតមួយឈានដល់ការប្រកាសអាសន្ន។ សម្តេចក្រឡាហោម​បានបន្តថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ការរឹតបន្តឹងការ​អនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោកជាវិធានការដ៏ចាំបាច់មួយ ដែលមន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំង​អស់​ត្រូវបង្កើនការយកចិត្តទុកដាក់ ខណៈដែលកម្រិតផាកពិន័យនាពេលបច្ចុប្បន្នហាក់​នៅធូររលុង​នៅឡើយ ជាហេតុនាំឱ្យអ្នកប្រព្រឹត្តលើ្មសនឹងច្បាប់ចរាចរណ៍មិនសូវជាខ្លាច​រអានោះ​ឡើយ។ សម្តេចក្រឡាហោមក៏បានរំលឹកដល់សមត្ថកិច្ចជាអ្នកអនុវត្តន៍ច្បាប់ថា ឆ្នាំ២០២០នេះ ត្រូវតែជាឆ្នាំអនុវត្តន៍ច្បាប់ ដោយមិនអាចព្រងើយកន្តើយបានទៀតនោះឡើយ ត្បិតអត្រា​គ្រោះ​ថ្នាក់ចរាចរណ៍បានឈានដល់កម្រិតប្រកាសអាសន្នហើយ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ គ្រោះថ្នាក់ចរាចរណ៍​នេះ​កើត​ឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ បន្ទាប់មក​ខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់ ៕

ដោយ ចាន់ សុធីវង្ស