ម្ចាស់ពានរង្វាន់បាល់ទាត់ អាឃ្វ័ររៀស (Aquarius Cup) ឆ្នាំ២០២០ បានទៅក្រុមឱម៉ាល់FC

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងជាបន្ដបន្ទាប់ សម្រាប់ដណ្ដើមពានរង្វាន់អាឃ្វ័ររៀស (Aquarius Cup) ឆ្នាំ២០២០រួចមក ជ័យលាភីលេខ១បានទៅលើក្រុមឱម៉ាល់FC ដោយទទួល​ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសឆ្នាំ២០២០ លើកទី២ ជាមួយនឹងទឹកប្រាក់រង្វាន់ចំនួន២០​លាន​រៀល ។

ក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ បិទការប្រកួត និងប្រគល់ពានរង្វាន់អាឃ្វ័ររៀស (Aquarius Cup)  ឆ្នាំ២០២០ របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡាកាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក  នួន ផារ័ត្ន  អភិបាលរង​នៃគណៈ​អភិបាល​រាជធានីភ្នំពេញ  និងលោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុន នៅ​បរិវេណ​តារាងបាល់ទាត់នៃវិទ្យាល័យឥន្រ្ទទេវី។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស បានលើកឡើងថា ពានរង្វាន់​បាល់​ទាត់អាឃ្វ័ររៀស (Aquarius Cup) គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)  ដោយឈរលើចក្ខុវិស័យយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់គាំទ្រ​វិស័យ​កីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាជំរុញឱ្យមានសុខុមាលភាពសង្គម ព្រមទាំងផ្តល់​ឱកាស​ដល់អ្នកស្នេហាវិស័យកីឡាបាល់ទាត់មិនមែនអាជីព  ក្នុងការចូលរួមប្រកួតដើម្បី​សុខ​ភាព  និងកសាងមិត្តភាព។  លោកបានបន្ដថា នេះបាននូវឆន្ទៈគាំទ្ររបស់​ក្រុមហ៊ុនចំពោះ​គោល​នយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកស្ទួយវិស័យកីឡាបាល់​ទាត់​នៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ក៏ដូចជាត្រៀមខ្លួនប្រកួត និងទទួលស្វាគមន៍ SEA GAMES ឆ្នាំ២០២៣ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ អាឃ្វ័ររៀស បំបាត់ភាពស្រេកទឹក និងបំពេញជាតិទឹកបានឆាប់រហ័ស​ដល់រាងកាយ ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំង​ពីសំណាក់អតិថិជន​និយមលេងកីឡា ដែលពួកគាត់កំពុងស្វែងរកប្រភេទភេសជ្ជៈដែលបំពេញជាតិទឹកត្រឡប់​មក​រាងកាយវិញ។

លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍​ណែនាំ​​ដល់ប្អូនៗយុវជនទាំងឡាយគួរនាំគ្នាលេងកីឡាដើម្បីសុខភាពល្អ ប៉ុន្តែសូមកុំភ្លេច​ពង្រឹង​ការ​​សិក្សារៀនសូត្ររបស់ខ្លួនផង។

សូមបញ្ជាក់ថា ម្ចាស់ពានអាឃ្វ័ររៀសឆ្នាំ២០២០ នឹងទទួលបានទឹកប្រាក់រង្វាន់ចំនួន​២០​លាន​រៀល បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាបន្តបន្ទាប់  ក្នុងចំណោម ៣២ ក្រុម ដែល​មានរហូតដល់ ៦៨ ប្រកួត ក្នុងរយៈពេល ៤ សប្តាហ៍ គិតចាប់ពីថ្ងៃប្រកាសបើកការ​ប្រកួតជា​ផ្លូវការ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ ជាមួយគ្នានេះ ទឹកប្រាក់រង្វាន់សរុបចំនួន  ៤០លាន​រៀល នឹងត្រូវប្រគល់ជូនក្រុមឆ្នើមចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ក្រុមបាល់ទាត់គំរូ ១ក្រុម កីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេ ១រូប និងក្រុមអាជ្ញាកណ្តាលល្អចំនួន១ក្រុម៕

​ដោយ រិទ្ធី