ប្រជាពលរដ្ឋ នៅខេត្ត​សៀមរាប​ បន្ដប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវ ដើម្បី​បង្ហាញ​ដល់ភ្ញៀវទេសចរ និងយុវជនជំនាន់ក្រោយ

AKP សៀមរាប ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — បច្ចុប្បន្ននេះ ដោយសារប្រទេសជាតិមានការ​រីក​ចម្រើន​ការផលិតអង្ករសម្រាប់ទទួល​ទាន​ប្រចាំ​​ថ្ងៃរបស់ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ម៉ាស៊ីន ដើម្បីផ្ដល់មាន​ភាព​ងាយស្រួល និងលឿន​ឆាប់​រហ័ស។ ប៉ុន្តែសម្រាប់​ប្រជា​ពលរដ្ឋ​មួយចំនួននៅ​ភូមិជប់ ឃុំខ្នារពោធិ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​ បាន​រក្សាទុកសម្ភារ​ប្រើប្រាស់ពី​បុរាណ​សម្រាប់​ផលិតអង្ករមានដូចជា​ត្បាល់​កិន​ស្រូវ ក្តឿងសម្រាប់ជាន់អង្ករ សម្រាប់ផលិតអង្ករហូបខ្លួនឯងផង សម្រាប់បង្ហាញដល់​ភ្ញៀវ​ទេសចរ និងសម្រាប់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់ផងដែរ។

អ្នកស្រី ខ្លួន់ សូនី ជាប្រជាពលរដ្ឋម្នាក់រស់នៅ​ភូមិជប់ ឃុំខ្នារពោធិ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាបបាន​ឱ្យ​ដឹងថា មូលហេតុដែលអ្នកស្រីរក្សាទុកសម្ភារប្រើប្រាស់ទាំង​នេះ ដោយ​សារ​តែទុកសម្រាប់ផលិតអង្ករសម្រូប អង្ករសំរឹទ្ធិ សម្រាប់ហូបខ្លួនឯង។ ទន្ទឹមនេះ សម្ភារ​ទាំង​នេះ ក៏រក្សាទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយបានឃើញ និងស្គាល់ព្រោះសម្ភារទាំងអស់នេះ បច្ចុប្បន្នមិនសូវមាន​អ្នកប្រើប្រាស់ ហើយក៏ស្ទើតែបាត់បង់ដែរ ដែលធ្វើឱ្យយុវជនមួយចំនួន​មិនដែលធ្លាប់ស្គាល់នោះទេ ជាពិសេសក្មេងដែលរស់នៅទីក្រុង​។ ក្រៅពី​នេះ សម្ភារ​ប្រើប្រាស់​ពី​បុរាណ​សម្រាប់​ផលិតអង្ករនេះ ក៏មាន​ការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេសផងដែរ។ អ្នកស្រីបានអះអាងថា ដោយសារតែរក្សាទុកសម្ភារទាំងអស់នេះ ក្នុង១ខែ អ្នកសស្រី​អាច​ទទួល​បាន​ចំណូល​ពីភ្ញៀវទេសចរប្រមាណជា១០០ដុល្លារអាម៉េរិកផងដែរ។

លោក​ ស្នើ ​សុខុយ ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ ខ្នារពោធិ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ បានគូសបញ្ជាក់ថា នៅក្នុងភូមិជប់នេះ មាន​ប្រជាពលរដ្ឋចំនួន២​គ្រួសារ​បានរក្សាទុកសម្ភារ​ប្រើប្រាស់ពី​បុរាណ​សម្រាប់​ផលិតអង្ករនេះ ហើយលោកក៏បាន​ទាក់​ទាញភ្ញៀវទេសចរឱ្យមកទស្សនា ដើម្បី​ឱ្យ​ពួកគាត់ទទួលបាន​​ចំណូលពីវិស័យទេសចរណ៍​ផងដែរ។ លោកបាន​បន្ថែមថា ក្រៅពីនេះសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ខ្នារពោធិ ក៏មាន​ការបង្ហាញពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងសេវាកម្មទេសចរណ៍ជាច្រើន​ទៀត​ផងដែរ៕

ដោយ ឃុត សៅ