នាវាទេសចរណ៍ WESTER DAM នាំភ្ញៀវទេសចរជិត២,០០០នាក់ មកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹក​ថ្ងៃអង្គារ  ១២រោជ  ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ WESTERDAM នាំភ្ញៀវទេសចរបរទេសចម្រុះ​ជាតិសាសន៍ជិត២,០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុន​នឹង​​ចាកចេញទៅកាន់ប្រទេសវៀតណាម។

នាវាទេសចរណ៍ WESTERDAM មានសញ្ជាតិ NATHERLAND មានបណ្តោយប្រវែង ២៨៥,២២ម៉ែត្រ ទទឹង៣២,២៥ម៉ែត្រ ជម្រៅទឹក៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស​ចម្រុះជាតិ​សាសន៍ជិត២,០០០នាក់ មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៧ និង០៥ នាទី ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ នាវានេះ ក៏មានគម្រោង​ចាក​​ចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ២១ ថ្ងៃដដែលនេះផងដែរ ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា WESTER DAM  មានចំនួន ១,៨០៦នាក់ ស្រី ៩៣៣នាក់ មាន ៤២សញ្ជាតិ និងមាននាវិកសរុបចំនួន ៨២១នាក់ ស្រី ១៤៧នាក់ មាន ៣៨ សញ្ជាតិ ។

ភ្ញៀវទេសចរធ្វើដំណើរតាមនាវា WESTER DAM កម្សាន្តនៅតាមតំបន់រមណីយដ្ឋានរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរមណីយដ្ឋាននានា ក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់ឆ្នេរសមុទ្រ និងតំបន់នេសាទ (ទំនប់រលក)  ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ  ។

សូមរម្លឹកថា នៅដើមខែមករា ឆ្នាំ ២០២០នេះ មាននាវាទេសចរណ៍បរទេសជាច្រើន​គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជា​​បន្តបន្ទាប់ ដោយសារវាជារដូវប្រាំង ការធ្វើដំណើរតាមផ្លូវសមុទ្រ ប្រកបដោយសុវត្ថិភាព និងផាសុខភាព ៕

ដោយ ងូ សុមុនី