ភាពវឹកវរចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ាក់ ធ្វើឲ្យមានមនុស្សចំនួន៦ នាក់ស្លាប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ (២១.០១.២០)

អ៊ីរ៉ាក់៖ មនុស្សចំនួន ៦ នាក់  ក្នុងនោះ មានប៉ូលីសពីររូបផង បានស្លាប់ និងរាប់សឹបនាក់ទៀតរងរបួស ក្នុងទីក្រុងបាដាដ និងនៅតាមទីក្រុងមួយចំនួនទៀតក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទនេះ  នៅពេលក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លំាងមានសមត្ថកិច្ច ក្នុងការតវ៉ាប្រឆំាងនឹងរដ្ឋាភិបាលអ៊ីរ៉ាក់  ដែលបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់ប៉ុន្មានសប្តាហ៍មក ។

នៅក្នុងទីក្រុងផលិតប្រេងឈ្មោះបាស់ស្រា  មន្ត្រីប៉ូលីសពីររូបត្រូវក្រុមបាតុករសម្លាប់ ហើយនៅតាមទីក្រុងផ្សេងទៀតស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់  ក្រុមបាតុករបាននំាគ្នាដុតសំបកកង់រថយន្ត ។  ក្រុមបាតុករបានតវ៉ាប្រឆំាង នឹងនាយករដ្ឋមន្រ្តី អាដែល អាប់ឌុលម៉ាឌី  ដោយពួកគេនិយាយថា លោកនាយករដ្ឋមន្រ្តី មិនបានធ្វើតាមការសន្យារបស់លោក ថា​ លោកនឹងតែងតំាងរដ្ឋាភិបាលថ្មីមួយ ​ដែលពលរដ្ឋអ៊ីរ៉ាក់អាចទទួលយកបាន ។

ពលរដ្ឋអ៊ីរ៉ាក់នៅក្នុងទីក្រុងបាដាដ និងតាមទីក្រុងនានា បាននំាគ្នាធ្វើបាតុកម្មតំាងពីថ្ងៃទី ០១  ខែ តុលា ឆ្នំា ២០១៩ ទាមទារឲ្យមានការកែលម្អប្រព័ន្ធនយោបាយរបស់ប្រទេសជាតិ ។ មានមនុស្សចំនួន ជាង ៤៥០ នាក់បានស្លាប់ក្នុងព្រឹត្តការណ៍តវ៉ាទំាងនោះ ។