ព្រឹត្តិការណ៍ “ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង” នឹងត្រូវរៀបចំលើកទី២នាដើមខែកុម្ភៈឆ្នាំ២០២០ ក្នុងរយៈពេល៣ថ្ងៃ

AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០–ព្រឹត្តិការណ៍កីឡាទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង” ខេត្តឧត្តរមានជ័យ លើកទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នឹងត្រូវបង្កើនរយៈពេលរហូតដល់៣ថ្ងៃ ដើម្បីទាក់ទាញ និងពង្រីកសក្តានុពលឱ្យកាន់តែកក្រើកនៅលើអតីតទឹកដីនៃការតស៊ូចុងក្រោយរបស់របបខ្មែរក្រហម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ក្រោយកិច្ចប្រជុំកាលពីថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ ថា ដើម្បីបង្កើនការអភិវឌ្ឍបន្ថែមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រសួងទេសចរណ៍ អាជ្ញាធរ ខេត្ត និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការគ្នា ដោយមានភាគីថៃក៏បានចូលរួមដែរ នឹងធ្វើឱ្យព្រឹត្តិការណ៍កីឡា-ទេសចរណ៍នៅតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហមមួយនេះ កាន់តែទាក់ទាញបន្ថែមទៀត។ ព្រឹត្តិការណ៍នេះកំពុងវិវឌ្ឍន៍ពីមួយជំហានទៅមួយជំហាន ដោយកាលពីលើកទី១ នៅឆ្នាំ២០១៩ ព្រឹត្តិការណ៍ “ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង” ខេត្តឧត្តរមានជ័យ នេះមានលក្ខណៈតូចចង្អៀត ដែលជាការចាប់ផ្តើមដំបូង។ ប៉ុន្តែឆ្នាំទី២ដែលគ្រោងនឹងធ្វើនាដើមខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នឹងកាន់តែធំ និងទាក់ទាញពីអ្នកចូលរួមកាន់តែច្រើន ដែលមានរយៈពេលវែងជាងមុន និង មានសកម្មភាពច្រើនជាងមុន ដែលតាមការគ្រោងទុកនឹងមានអ្នករត់ ចូលរួមប្រមាណ ១.៥០០នាក់ ក្នុងនោះអ្នករត់មកពីប្រទេសថៃមានចំនួន៧៥០នាក់។ ក្រៅពីនេះនឹងមានការជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ ដែលមានចន្លោះពី៧០០ទៅ៨០០នាក់ ក្នុងនោះអ្នកជិះកង់មកពីថៃប្រមាណ ៣០០នាក់ផងដែរ។

ឯកឧត្តមបន្ថែមថា «យើងនឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនេះធំជាងឆ្នាំមុន តាមរយៈការអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជាពិសេសគឺយើងបានបញ្ជ្រាបការផ្សព្វផ្សាយទៅតាមស្ថានទូតនានា តាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីទទួលបានការគាំទ្រ និងការចូលរួមផងដែរ។ ព្រឹត្តិការណ៍កីឡា-ទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង” ឆ្នាំទី២នេះនឹងរៀបចំក្នុងរយៈពេល០៣ថ្ងៃ ដោយសារការគាំទ្រនិងចូលរួមកាន់តែច្រើនជាពិសេសគឺយើងធ្វើឱ្យមានការប្រែប្រួល ពីមួយព្រឹត្តិការណ៍ទៅមួយព្រឹត្តិការណ៍ឱ្យមានភាពប្លែក និងអស្ចារ្យ។ យើងមើលទៅលើលទ្ធភាពនៃការរៀបចំ ដោយក្រៅអំពីការឧបត្ថម្ភគាំទ្រពីក្រសួងទេសចរណ៍ អាជ្ញាធរខេត្តឧត្តរមានជ័យដែលជាម្ចាស់ផ្ទះ គឺយើងតែងតែស្វែងរកដៃគូឧបត្ថម្ភគាំទ្របន្ថែម តាមរយៈការរៀបចំ ទីតាំងលក់ដូរផលិតផល ការរៀបចំសិល្បៈកម្សាន្តជាដើម ហើយនៅថ្ងៃចុងក្រោយនឹងមានការបាញ់កាំជ្រួចអបអរទិវានេះឱ្យកាន់តែគគ្រឹកគគ្រេងផងដែរ»។

គេនៅចាំបានថា ព្រឹត្តិការណ៍កីឡា-ទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្ត្រ” នៅលើភ្នំដង រែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាការចាប់ផ្តើមថ្មី សម្រាប់ស្រុកអន្លង់វែង ដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយ នៃរបបខ្មែរក្រហម។ ព្រឹត្តិការណ៍កីឡានេះព្យាយាមតម្រង់ការចាប់អារម្មណ៍ទៅលើសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់និមិត្ត រូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាផងដែរ។ ការធ្វើសមាហរណកម្មរបស់តំបន់នេះ គឺមានន័យស្មើនឹងការចាប់ផ្តើមសារជាថ្មីសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាដែរ ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរ៍នៃសង្គ្រាមអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។ អន្លង់វែងបង្កប់នូវភាពអាថ៌កំបាំងដំណើរផ្សងព្រេង សម្រស់ធម្មជាតិ និងហានិភ័យខ្លះៗដែរ។ តំបន់នេះធ្លាប់ជាចំណុចជួរមុខនៃជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយតំបន់ព្រៃស្រោងមួយចំនួននៅតែមិនអាចចូលទៅដល់ដោយសារតែគ្រាប់មីនជាដើម។ សៀវភៅមគ្គុទ្ទេសមុនៗបានពណ៌នាពីតំបន់អន្លង់វែងថា ជាគោលដៅ នៃដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថាន ដោយតំបន់នេះបែរជាទទួលបាននូវសុខសុវត្ថិភាព និងសន្តិភាព ដែលមិននឹកស្មានដល់ ៕

ដោយ ហេង ណាលីន