កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ –នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាក បាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតន: អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំប និងជាអភិបាលខេត្ត និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម ងួន រតន: បានលើកឡើងអំពីទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២០មានដូចជា បញ្ហាទឹកប្រើប្រាស់កំពុងមានការខ្វះខាត ដោយអាងស្តុកទឹកនានារបស់ក្រសួងនិងមន្ទីរធនធានទឹកនៅក្នុងខេត្តបាត់ដំបង នៅមានកម្រិត ពុំមានលទ្ធភាពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ដែលរស់នៅទីឆ្ងាយពីប្រភពទឹក ដែលយើងត្រូវរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីបំពេញតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តថា ដើម្បីបម្រើឱ្យសកម្មភាពអនុវត្តន៍ការងារទៅបានល្អ ការងារកាកបាទក្រហមយើងក៏ត្រូវការប្រភពចំណូលពីសប្បរសជនផងដែរ សម្រាប់យកមកទ្រទ្រង់ការងារនេះ ឱ្យបានរលូនកាន់តែល្អប្រសើរឡើង។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា បន្ទាប់ពីបានបង្កើតថ្នាក់ដឹកនាំសាខាកាកបាទបាត់ក្រហមកម្ពុជាខេត្តដំបង ក្នុងអណត្តិទី៥នេះ ក្នុងនាមកាកបាទក្រហមកម្ពុជាសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងធ្វើការងារបានល្អដើម្បីប្រជាពលរដ្ឋ ពិសេសសម្រាប់ជនរងគ្រោះផ្សេងៗគ្រប់ទិសទីបានទាន់ពេលវេលា។ លោកជំទាវបានបញ្ជាក់ថា ឋាន:ស្របច្បាប់របស់កាកបាទក្រហមស្ថិតក្រោមការគ្រងរបស់រដ្ឋ គឺផ្អែកលើគោលការណ៍គ្រឹះទាំង៧ និងធ្វើដោយស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំអ្នកណាម្នាក់ឡើយ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដោយស្ម័គ្រចិត្តលើការងារមនុស្សធម៌ និងបានរម្លឹកអំពីបដិរូបនៃភាពមនុស្សធម៌ ព្រមទាំងបានបញ្ជាក់លម្អិត ពីរចនាសម្ព័ ន្ធ តួនាទី និងភារកិច្ចរបស់កាកបាទក្រហមកម្ពុជា ដែលប្រតិបត្តិការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ហៅកាត់ថា គោលការណ៍គ្រឹះទាំង៧របស់ចលនា) ដែលរួមមាន៖ ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ឯកភាព និងសាកលភាព ៕

ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង)