លោកជំទាវ ឡោក ខេង ចុះសួរសុខទុក្ខកម្មករនៅរោងចក្រក្រគរ ខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — កាលពីថ្ងៃច័ន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨)នៃរដ្ឋសភា និងសមាជិកសមាជិកាគណៈកម្មការទី៨​នៃរដ្ឋសភា​ រួមដំណើរដោយ​ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសហការជាមួយមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនី នៅរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ីអាំងទែរណាស៊ិនណល នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីធ្វើការពង្រឹង និងពង្រីកការផ្សព្វផ្សាយ នៃការប្រើប្រាស់ប័ណ្ណ (ប.ស.ស) ប័ណ្ណសមធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី នៅតាមរោងចក្រ និងមន្ទីរពេទ្យបង្អែកមួយចំនួនផងដែរ។

លោកជំទាវ ឡោក ខេង បានផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ថា បច្ចុប្បន្នសេវាសុខាភិបាលផ្នែករដ្ឋក្ដី ផ្នែកឯកជនក្ដី នៅតែជាដៃគូដែលមិនអាចខ្វះបានជាមួយនឹងសេវាសុខាភិបាលរសាធារណៈរបស់រដ្ឋ។ សូមឱ្យគ្រប់សេវាសុខាភិបាលទាំងអស់ផ្តល់ភាពជឿទុកចិត្ត និង បង្កើនប្រសិទ្ធភាពនៃការថែទាំ និង ព្យាបាលជូនអតិថិជន ជូនកម្មករ និងប្រជាពលរដ្ឋប្រកប ដោយគុណធម៌ សមធម៌ និង គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងទទួលស្គាល់    ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថា គ្រូពេទ្យត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការព្យាបាលអ្នកជំងឺដោយការប្រុងប្រយ័ត្ន ហើយថែមទាំងមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពអាយុជីវិតរបស់កម្មករ មិនអាចធ្វេសប្រហែសក្នុងពេលដែលថែទាំ ព្យាបាលអ្នកជំងឺ គឺអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។

លោកជំទាវបានបន្ថែមថា នៅចំពោះមុខស្ថានភាព និងបរិបទសង្គមកម្ពុជាសព្វថ្ងៃ យើងទទួលស្គាល់ថា វិស័យសុខាភិបាល មានវឌ្ឍនភាពវិជ្ជមានច្រើនទាំងវិស័យឯកជន និង វិស័យរដ្ឋ។ ទោះជាមានចំណុចវិជ្ជមានច្រើនយ៉ាងណាក៏ដោយ នៅមានការខ្វះចន្លោះមួយចំនួនតូច ដូចជាគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការរើសអើង ការព្យាបាល និងជាពិសេសនោះគុណភាពក្នុងការថែទាំ ។ ដែលកិច្ចការទាំងនេះទាមទារឱ្យគិលានុបដ្ឋាករបស់រដ្ឋក្ដី ឯកជនក្ដី ត្រូវតែយកចិត្តទុកដាក់តាមដាន ដើម្បីធ្វើការកែលម្អរាល់ចំណុចខ្វះខាតទាំងអស់នេះ ចំពោះកម្មករ កម្មការិនី ដែលរដ្ឋបានផ្ដល់ប័ណ្ណ ប.ស.ស ឱ្យប្រើប្រាស់ ។

លោកជំទាវ ឡោក ខេង បានបញ្ជាក់បន្ថែមទៀតថា ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ជាការអនុវត្តជំហានទី២ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ហើយត្រូវបង្កើតឡើងដោយអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព គឺជាយន្តការពីរដែលត្រូវមានសង្គមជាតិ ដោយសារសុខភាពរបស់កម្មករ និយោជិតមិនអាចទទួលត្រឹមតែការគាំពារផ្នែកជំងឺ ឬគ្រោះថ្នាក់ដែលបណ្តាលមកពី ការងារប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការគាំពារចំពោះជំងឺ ឬគ្រោះថ្នាក់ទូទៅដែលមិនមានពាក់ព័ន្ធនឹងការងារផងដែរ។ ភាពផ្សាភ្ជាប់នៃការអនុវត្តរបបសន្តិសុខសង្គម ទាំងពីរផ្នែកនេះជាទំនាក់ទំនងដែលមានឥទ្ធិពលទៅវិញទៅមក និងផ្តល់នូវភាពពេញលេញក្នុងការគាំពារសុខភាពកម្មករនិយោជិត។ ផ្នែកនេះបាននិងកំពុងចូលរួមចំណែកលើកកម្ពស់សុខភាពកម្មករ និយោជិត និងផ្តល់ការបង្ការជំងឺទូទៅរបស់កម្មករ រួមចំណែកលើកស្ទួយជីវភាព ស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

ដោយ បៃ ស៊ីថុន