ត្រីប៉ាវ៉ាមុខពីរ ដែលស្ថិតបញ្ជីក្រហមជិតផុតពូជលើលោក តែនៅកម្ពុជាមានច្រើន

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ –អង្គការ Wonders of the Mekong បានចេញផ្សាយព័ត៌របស់ខ្លួននាពេលថ្មីៗនេះថា ត្រីមួយប្រភេទឈ្មោះត្រីប៉ាវ៉ាមុខពីរ មានឈ្មោះតាមបែបវិទ្យាស្ត្រថា (Incisilabeobehri) វាជិតផុតពូជនៅលើភពផែនដីទៅហើយ ។ ត្រីប៉ាវ៉ាមុខពីរនេះ មានក្បាលចម្លែក វាធ្វើដំណើរចេញពីទន្លេសេសាន សេកុង និង ទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ ។

ត្រីប៉ាវ៉ាមុខពីរ ពួកវាប្រហែលជាចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ឬ ក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ និង ភាគ ឦសាននៃប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ ត្រីប៉ាវ៉ាមុខពីរនេះ ពង-កូននៅចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និង ខែសីហា ។ វាអាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ ។ បុគ្គលិកគម្រោងរបស់អង្គការ Wonders of the Mekong បានជួបប្រទះត្រីសម្បុរស្អាតនេះ នៅផ្សារត្រីខេត្តស្ទឹងត្រែង នៅក្នុងខេត្តអាតាពឺ និង ខេត្តសេកុង ប៉ែកខាងត្បូងនៃប្រទេសឡាវ អ្នកភូមិបានបង្កើតតំបន់ការពារដើម្បីអភិរក្សត្រីប្រភេទនេះក្នុងរដូវប្រាំង ហើយក៏មានគម្រោងនឹងបិទការនេសាទក្នុងរដូវត្រីពងផងដែរ ។

ត្រីប៉ាវ៉ាមុខពីរ បានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ថា ជាប្រភេទត្រីរងគ្រោះ។ ការប្រឈមដ៏ចម្បងរបស់វាគឺការប្រើប្រាស់មងសម្រាប់ចាប់ពួកវា ក្នុងរដូវត្រីពង និង ពេលវាផ្លាស់ទីដើម្បីរកចំណី។ កំណើនក្នុងការប្រើប្រាស់ឧបករណ៍ឆក់ និង សំណើក្នុងការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជះឥទ្ធិពលអវិជ្ជមានដល់ត្រីប្រភេទនេះ នៅអំឡុងពេលវាធ្វើចរាចរ ។ គេត្រូវធ្វើផែនការក្នុងការស្រាវជ្រាវ និង អភិរក្សគឺត្រូវការជាចាំបាច់ដើម្បីឈ្វេងយល់ និង ការពារប្រភេទត្រីដ៏អស្ចារ្យមួយប្រភេទនេះ នៅក្នុងទន្លេមេគង្គមួយនេះឱ្យនៅគងវង្ស ៕

ដោយ ណយ នឿន (ប្រភៈWonders of the Mekong )