អាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិករកឃើញគ្រឹះប្រាសាទ សម្ភារ​ប្រើ​ប្រាស់ និងការតាំងទីរបស់មនុស្សជាង១០០០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ — អ្នកជំនាញបុរាណវិទ្យានៃ​អាជ្ញាធរ​ជាតិ​អ​ប្ស​រា​ស​ហ​ការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំ​ណាយស្រាវជ្រាវបុរា​ណវិ​ទ្យា​នៅ​​​ទួល​ដូ​ន​ប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កា​ត់​សៀ​មរាប ​ខេត្ត​​សៀ​ម​រាប រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទី​រប​ស់​ម​នុស្ស​ជាង​១០​០​០​ឆ្នាំ​​។​ នេះ​បើ​តាមហ្វេសប៊ុក ​ក្រសួងវប្បធម៌និងវិចិត្រសិល្ប:​។

លោក ទិន ទីណា អនុប្រធានមណ្ឌលអ​ន្តរជាតិស្រាវជ្រាវ​និងតម្កល់​ឯកសា​រ​អង្គរនៃ​អា​ជ្ញា​​​ធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និង​ស​​ម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប។ គំ​ហើ​​ញថ្មីៗនេះជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិ​សា​ស្ត្រ​​ខ្មែរពីអតីតកាលដល់បច្ចុប្បន្ន​ព្រមទាំងរួមចំណែកការពារបុរាណដ្ឋានលើតំប​ន់ដែល​កំពុ​ង​អ​ភិ​វឌ្ឍន៍។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័​យហាវ៉ៃនិងជាប្រធាន​គ​ម្រោ​​​ង​ស្រាវជ្រាវបានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥ រណ្តៅ​ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូន​ប៉ុកផងនិងនៅលើ​គោកម​នុស្សរ​ស់នៅ​ក្បែរ​ទួល​នេះ​ផ​​ង​។

ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុកបានរកឃើញ​គ្រឹះប្រាសាទធ្វើពី​ថ្មបាយ​ក្រៀ​ម​​ពីខាងក្រោមនិងឥដ្ឋនៅពីខាងលើដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសស​រពេ​ជ្រព​ណ៌​ផ្កា​ឈូក ២ កំណាត់និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសា​ទគោ​ក​ដូ​ន​ប៉ុ​កបានកសាងឡើងក្នុងសតវត្សទី១០ មានអាយុប្រហាក់ប្រហែលទៅនឹងប្រាសាទបន្ទា​យ​ស្រី​និ​​ង​​ប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។

លោកបណ្ឌិតបុរាណវិទ្យារូបនេះបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសា​ទឥដ្ឋ​នេះ​ដួ​ល​រ​លំនៅរវាងសតវត្សទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោ​ល​គឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។

ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាសតវត្សទី១២ ឬទី១៣ដែរ ដោ​យ​ម​​នុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុ​ងរណ្តៅនៅ​ទួល​ដូ​ន​ប៉ុ​ក​និងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីសតវត្ស ទី១២ដល់ទី១៧ និង​ភា​ជ​ន៍​ខ្មែ​រ​​ផ​លិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅសតវត្សទី១០និង១៣ មានភាជន៍ផុយ ភា​ជ​ន៍​រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។

ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចា​ស់​ត​ពី​ដូ​ន​តានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺ​តាំង​ពីសតវ​ត្សទី​១០​ដែ​ល​មា​ន​​សំ​ណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែក​បំណែ​ក​កុ​លាលភាជន៍បង្ហាញឱ្យដឹងថា វត្តមានម​នុស្សរស់នៅ​ទួលដូ​នប៉ុកមានយ៉ាង​តិច​ដ​ល់​សតវត្ស​ទី​១​៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវ ជ្រាវនិងតម្តល់​ឯកសា​រ​អ​ង្គ​រ​នៃ​អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបា​នប​ង្ហា​ញ​​ភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណនៅភាគខាង ត្បូ​ង​អ​ង្គរ ដែលប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានម​នុស្ស​ថែ​រ​ក្សា​និងរស់នៅជុំវិញ មានការប្រើប្រាស់សម្ភារផ្សេងៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា។

រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ពីសេដ្ឋកិច្ចនិងការរស់នៅរបស់មនុស្ស​ពីស​ម័យបុរាណ។ លើសពីនេះ យើងបា​នដឹងពីច​លនា​ពាណិ​ជ្ជកម្មនិងកា​រប្រើប្រាស់​ភាជ​ន៍​នាំ​​ចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃត​ងក្នុងរា​ជវ​ង្សយួ​ន​និង​សុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។ល។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិ​ត​នៅ​ជាលទ្ធផលបឋម ហើយយើងក៏មានគម្រោងស្រាវជ្រាវនាពេលអនាគតដើម្បីស្វែង យល់​អំ​ពី​​ទំហំនៃខឿនប្រាសាទដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើប្រៀបធៀប​នឹងប្រាសា​ទ​ផ្សេ​ង​ៗ​ក្នុងសម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀ​បចំភូមិករនិ​ងប្រា​សាទនា​សតវត្ស​ទី​១​០​ឬយ៉ាងណា?បុរាណវិទូខាងលើក៏បានឱ្យដឹងដែរ តាមរយៈកិច្ចសហកា​រជាមួ​យសាកល​វិ​ទ្យា​​​​ល័យហាវ៉ៃ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយនិ​ងការ​ពារបុរាណ​ដ្ឋានដែ​លស្ថិ​តនៅ​ភា​គ​ខាងត្បូងអង្គរ ត្បិតតំបន់នេះសព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយតម្រូវ​ការ​ប្រើ​ប្រាស់ដី​ធ្លី​ក៏​ខ្ព​ស់​​ដែលអាចបង្កហានិភ័យខ្ពស់ដល់បុរាណដ្ឋាននៅក្នុងតំបន់នេះដែរ។ ដូច្នេះតា​ម​រយៈសកម្ម​ភា​ព​នៃការស្រាវជ្រាវតាមបែបបុរាណវិទ្យាមួយនេះ យើងអាចបង្ហាញពន្យ​ល់ប្រជាពលរដ្ឋ​ឱ្យ​យ​​ល់ពីតម្លៃនិងឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ។ លើស​ពី​នេះ​ទៀតអាចផ្សព្វផ្សាយឱ្យពួកគាត់ដឹងថា ទីតាំងបុរាណដ្ឋាននេះត្រូវកា​រពារដោ​យអា​ជ្ញាធ​រ​ជា​តិ​អប្សរានិងយល់ ដឹងពីសារៈសំខាន់របស់ទីទួលបុរាណដែលផ្សារភ្ជាប់ទៅនឹងតំបន់អង្គរ ព្រោះ​អ​ង្គ​រមិនសំដៅតែលើរាជធានីដែលមានក្រុមប្រាសាទធំៗទាំងនោះតែមួយមុខទេគឺជា​ការ​រួម​ផ្សំគ្នា​នៃ​ប្រាសាទ និងភូមិករតូចៗទាំងអស់នេះឯង។

សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកនេះ ចាប់ផ្តើមពីថ្ងៃទី៩ ខែ​ធ្នូ​ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០៕

ដោយ គង់ សិរីរ័ត្ន