កម្ពុជា-វៀតណាម ប្តេជ្ញាបន្តចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស​ឆ្លងដែនគ្រប់ប្រភេទ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុង ការបន្តចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជា ពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ នៅ តាមបណ្តាខេត្តជាប់ព្រំដែន និងនៅតាមតំបន់មួយចំនួនដែលមានភូមិសាស្រ្តស្មុគស្រ្មាញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរនេះ គឺធ្វើ​ឡើងក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ទីក្រុង​ហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។ ក្នុងដំណើរទស្សនកិច្ចនោះដែរ សម្តេចក្រឡាហោម ស ខេង និង​ភាគីវៀតណាមឯកឧត្តម តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ក៏បានឯកភាពគ្នា​បន្តជំរុញចាត់វិធានការតឹងរឹង ដើម្បីទប់ស្កាត់ និងបង្រ្កាបការលួចឆ្លងដែនខុសច្បាប់ និងបន្ត​កិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះដែរ ដើម្បីបន្តយន្តការកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់​តែ​សកម្ម និងខ្លាំងក្លាថែមទៀត សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញរដ្ឋមន្រ្តីក្រសួង​នគរ​បាលវៀតណាម មកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិ​បត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២១ នៅរាជធានី​ភ្នំពេញ ប្រទេសកម្ពុជា តាមពេលវេលាសមស្រប។

សូមបញ្ជាក់ថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធ​ផលជាច្រើន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០១៩ កន្លង​ទៅនេះ មានជាអាទិ៍ កិច្ចសហការផ្លាស់ប្តូរព័ត៌មានដើម្បីថែរក្សាសន្តិសុខជាតិ ការពា​រព្រឹត្តិ​ការ​ណ៍ជាតិធំៗ ការពារសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហ​ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាដើម៕

ដោយ ចាន់ សុធីវង្ស