មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃស្នើឱ្យអង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធចូលរួម​ជាមួយ​ក្រុម​ការងាររាជរដ្ឋាភិបាល ដើម្បីប្រមូលបានធាតុចូលសំខាន់ៗក្នុងការ​ធ្វើវិសោធនកម្មច្បាប់

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានស្នើឱ្យអង្គការសង្គមស៊ីវិល ព្រមទាំងដៃគូរពាក់​ព័ន្ធទាំងអស់​ចូលរួមជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យរាល់​កិច្ចពិភាក្សាដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ អាចស្វែងរកចំនុច​ខ្លាំង និងចំនុចខ្សោយ ដើម្បីប្រមូលបាននូវធាតុចូលសំខាន់ៗក្នុងការធ្វើវិសោធនកម្មច្បាប់សមាគម និងអង្គការមិន​មែនរដ្ឋាភិបាលឱ្យបានកាន់តែល្អប្រសើរ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងមហាផ្ទៃ។

ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣ ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សា​លើខ្លឹមសា​រ​មួយចំនួនរបស់អង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការស្នើសុំធ្វើ​វិសោធនកម្មច្បាប់​ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល កាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហា​ផ្ទៃបានលើក​ឡើង​ថា ការចូលរួមរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនេះ គឺប្រមូលបាន​នូវ​ធាតុចូលសំខាន់ៗក្នុងការ​ធ្វើវិសោធនកម្មច្បាប់មួយនេះឱ្យ​មានភាពពេញលេញដែល​អាច​ទទួល​យកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយស្របតាមការ​អនុវត្ត​​ការងារ​ជាក់​ស្តែង​ផងដែរ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ​ការងារបន្ត​ពិភាក្សាលើខ្លឹមសារមួយចំនួននេះគឺដើម្បី​ធ្វើយ៉ាងណាឱ្យច្បាប់នេះកាន់តែតម្លៃខ្ពស់បន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាឱ្យការអនុវត្ត កាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្រុមការងារអន្តរក្រសួង នឹងបន្ត​ពិភាក្សាជា​មួយ​អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យរកអ្វីដែល​ជាចំណុចមិនសម​ស្របសម្រាប់​អនុវត្តន៍ក្នុងស្ថានភាពបច្ចុប្បន្ន ដែលតម្រូវឱ្យធ្វើវិសោធនកម្មឡើងវិញ។

សូមបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិ​បាលនេះ មានគោលបំណងធានាការពារ សិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការ​មែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍​ស្របច្បាប់ និង​ការ​ពារផលប្រយោជន៍សាធារណៈ ព្រមទាំង​លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាព​ជាដៃគូ​រវាង​សមាមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕

ដោយ រិទ្ធី