រដ្ឋមន្រ្ដីក្រសួងព័ត៌មានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ផ្នែក គ្រប់ជំនាញនៅមូលដ្ឋាន​បន្ត បម្រើ​សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត

AKP កំពង់ចាម ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ស្រុកកោះសូទិនបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ត្រីគ្រប់ផ្នែកគ្រប់ជំនាញនៅ​មូល​ ដ្ឋានបន្តធ្វើយ៉ាងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរថែមទៀត។

ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំងស្រុកកោះសូទិន​ឆ្នាំ២០១៩ និងលើកដៅភារកិច្ចឆ្នាំ២០២០ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសម្ដែងនូវការកោតសរសើរ ចំពោះលទ្ធ​ផល​ការងារ ដែលអាជ្ញាធរភូមិ ឃុំ ស្រុក ទូទាំងស្រុកកោះសូទិន សម្រេចអនុវត្តន៍​បានក្នុង​រយៈពេលកន្លងមកនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំ​ធ្វើការកសាង ស្ដារ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណា ឱ្យស្ថានភាព និងជីវ​ភាពរស់នៅរបស់​ប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរទ្វេឡើងបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានជម្រាបជូនពីសភាពការណ៍វិវត្ដន៍រួមនៅទូទាំងប្រទេស ដែលបានដំណើរការ​ទៅ​​យ៉ាង​​ល្អ មានសុខសន្តិភាព ហើយសេដ្ឋកិច្ចជាតិ មានកំណើនកើនឡើងជាលំដាប់។ ឯកឧត្ដមរដ្ឋមន្រ្ដី​ បានលើកឡើងពីកិច្ចការងារ​សំខាន់ៗ ​ជាច្រើន ដែលក្រសួងព័ត៌មាន ត្រៀមចូលរួមបំពេញឱ្យបានល្អ ក្នុងនោះជាពិសេសគឺ កិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ ២០២០ នេះ ដែល ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ជាថ្នាក់​ដឹកនាំធំៗ ក្នុងពិភពលោកជាង៤០ ប្រទេស នឹងអញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំដ៏ធំនេះ។ ដូច្នេះ​នេះគឺជាកិច្ចការងារដ៏សំខាន់ដែលត្រូវរួមសាមគ្គីគ្នា អនុវត្តន៍ឱ្យ​បានជោគ​ជ័យ ដើម្បីមុខមាត់​របស់​ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។

លោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុក កោះសូទិន បានធ្វើរបាយការណ៍​ជម្រាប​ជូនពីវឌ្ឍនភាពការងាររួម នៅតាមបណ្តាឃុំនានាទូទាំងស្រុក កោះសូទិន ដែល​សម្រេច​​អនុវត្តន៍បានក្នុងរយៈពេលកន្លងមកនេះ ពិសេសការអភិវឌ្ឍភូមិ ឃុំ មានការរីកចម្រើន រក្សាបានសន្តិសុខ សណ្តាប់ល្អ ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានឆាប់រហ័ស។ លោកបានលើកឡើងថា ជាទិសដៅបន្តទៅមុខទៀត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បាន​បញ្ជាក់ពីជំហរ ក្នុងការធ្វើឱ្យប្រសើរឡើង នៅគ្រប់ផ្នែក គ្រប់វិស័យ ពិសេសរក្សាសុខ សុវត្ថិ​ភាព​ជូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន បានកាន់ល្អប្រសើរ ជីវភាពរស់ បានធូរធា ជាលំដាប់៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា