ក្រសួងសាធារណការ បញ្ចប់យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍​ផ្លូវគោកក្រោមប្រធានបទបន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ

AKP ពោធិ៍សាត់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ — ក្រ​សួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋាន នៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការសម្របសម្រួលពីមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានបិទយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ដែលជា យុទ្ធនា​ការ​អប់រំផ្សព្វផ្សាយទទួលបានការគាំទ្រដោយអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន ហៅកាត់ថា “JAIF”។ ការបិទបញ្ចប់យុទ្ធនាការនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២០​ នៅសាលាបឋម​សិក្សា​ត្រពាំងជង ស្ថិតក្នុងភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាណ ខេត្តពោធិ៍សាត់។

យុទ្ធនាការ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ“ គឺជាយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយដែលមានគោលបំណងពញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលងាយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស​គឺកុមារ ដើម្បីឱ្យពួកគេមាន​ការ​ប្រុងប្រយ័ត្ន និងយល់ដឹងនូវចំណេះដឹងមូលដ្ឋាន។ យុទ្ធនាការនេះ ក៏បង្ហាញអំពីខ្លឹមសារភ្លើង​សញ្ញា​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍ដែលកុមារត្រូវយល់ដឹង វិធានសុវត្ថិភាពចរាចរណ៍​សម្រាប់ថ្មើរជើង ប្រការត្រូវ​ចៀសវាងនៅពេលឆ្លងផ្លូវ រួមទាំងការង្ហាត់បង្រៀនអំពីរបៀបក្នុង​ការឆ្លងផ្លូវដោយប្រើប្រាស់រនាំងសុវត្ថិភាពពីមន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ ព្រមទាំង​​ទទួលនូវសម្ភារសិក្សា ក៏ដូចជាការទទួលបានមួកសុវត្ថិភាពក្នុងកម្មវិធីសំណួរ ចម្លើយនៃ​យុទ្ធនាការនេះ។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋាន​ដឹក​ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីបញ្ហាប្រឈម​ដែល​​បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងជារៀងរាល់ថ្ងៃ ទៅលើអ្នក​ប្រើ​ប្រាស់ផ្លូវទាំងអស់ និងជាពិសេសកុមារដែលជាវ័យសិក្សារៀនសូត្រទទួលចំណេះដឹង។ លោក​បានគូសបញ្ជាក់ថា តាមរយៈរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់​នាយក​ដ្ឋាន​នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​បង្ហាញថា ក្នុងឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុប​ចំនួន៤,១២១លើក បណ្តាល​​​ឱ្យមានអ្នកស្លាប់ចំនួន ១,៩៨១នាក់ និងរបួសចំនួន ៦,១៤១នាក់ ដែលជាមធ្យមក្នុងមួយថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី អ្នកស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ១៧នាក់។ ដោយឡែកមូលហេតុ​ចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿន​កំណត់៣៨ភាគរយ និងបន្ទាប់គឺការមិនគោរពសិទ្ធិអាទិភាព ២៣,២០ភាគរយ មិនប្រកាន់ស្តាំ ១២,៩ភាគរយ ប្រជែង៨,៨១ភាគរយ បត់គ្រោះថ្នាក់ ៨,៦៧ភាគរយ ស្រវឹង ៤,៧៣ភាគរយ ផ្សេងៗ ១,១០ភាគរយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអ្នក​ប្រើប្រាស់ផ្លូវទាំងអស់​ឱ្យ​ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក​ឱ្យថយចុះមកនៅកម្រិតទាបបំផុត។

គួររម្លឹកថា យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ​“នេះ បានចាប់ផ្តើមការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៃ​សាលា​បឋម​សិក្សាដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ កាលពីថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០១៩។ យុទ្ធនាការនេះ បានចែកចេញជា២ដំណាក់កាល គឺដំណាក់កាលទី១ ​ធ្វើឡើង​នៅសាលាបឋមសិក្សានៅតាមផ្លូវជាតិលេខ​១ បានចំនួន ១៨សាលា និងនៅតាមផ្លូវ​ជាតិលេខ៥ ពីភ្នំពេញ ដល់ខេត្តពោធិ៍សាត់ ​បានចំនួន​ ៤០សាលា។ សម្រាប់តំណាក់កាលទី២ គឺពីខេត្តពោធិ៍សាត់ ដល់ខេត្ដបាត់ដំបង បានចំនួន ២៥សាលា។ សរុបទាំងពីរដំណាក់​កាល ក្នុងសាលាបឋមសិក្សាទាំង៨៣សាលា មានសិស្សានុសិស្សដែលទទួលបានការបណ្តុះណ្តាល​អំពី​សុវត្ថិភាពចរាចរណ៍នេះមានចំនួន៨,៦១០នាក់ និងបានផ្តល់រនាំងសុវត្ថិភាពចំនួន ៣៣២​រនាំង អាវចំណាំងចំនួន៨៣០អាវ  កញ្ចែចំនួន១៦៦គ្រាប់ ផ្លាកឈប់ចំនួន១៦៦ផ្លាក បដា​ដែល​មានសារសុវត្ថិភាពចំនួន១៦៦ផ្ទាំង ស្ទីកឃ័រចំណាំងផ្លាតចំនួន១៦,៦០០សន្លឹក និងមួក​សុវត្ថិភាពចំនួន ១,៦៦០មួក៕

ដោយ រិទ្ធី