ប្រជាពលរដ្ឋ និងយុទ្ធជនពិការប្រមាណ៣,៣៥០នាក់ ត្រូវបានពិនិត្យនិងព្យាបាលជំងឺ​ដោយឥតគិតថ្លៃពី​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ

AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែកមរា ឆ្នាំ២០២០ — ប្រជាពលរដ្ឋ យុទ្ធជនពិការ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ប្រមាណ៣,៣៥០នាក់មកពី ស្រុក ក្រុងទាំង៨របស់ខេត្តកំពង់ស្ពឺបានមកជួបជុំគ្នា ទទួលយកការព្យាបាល ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលដឹកដោយលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ។ កម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃគឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលមានទីតាំង ស្ថិតក្នុងស្រុកភ្នំស្រួច​ខេត្តកំពង់ស្ពឺ។

លោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរ ដល់ជីវភាពរស់​នៅ និងសុខភាពបងប្អូនប្រជាពលរដ្ឋ យុទ្ធជនពិការជានិច្ចមិនដែលភ្លេចឡើយ។ ដូចនេះ ទើបសម្តេចតេជោបានផ្តួចផ្តើមបង្កើត សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​តាំងពី​ឆ្នាំ២០១២មក ដោយមួយរយៈកន្លងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានសកម្មចុះព្យា​បាល​ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ លោកជំទាវបានលើកឡើងថា ក្រោយមកយោងតាម​ប្រសាសន៍សម្តេចតេជោ ទើបក្រុមគ្រូពេទ្យយើង ចាប់ផ្តើមចុះព្យាបាលជូនគ្រប់​ភូមិភាគ​ទាំង​អស់ ដើម្បីពិនិត្យ ព្យាបាលជូននាយទាហាន ពលទាហាន ជាពិសេសយោធិនពិការ។

គូរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺគ្រប់​ប្រភេទ ដូចជាជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក រោគស្រ្តី សើរស្បែក វះកាត់ខ្នាតតូច អេកូសាស្រ្តនិងជំងឺឫសដូង​ជាដើម។ ​ជាមួយគ្នានេះ ប្រសិនបើប្រភេទជំងឺធ្ងន់​នឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកថ្លៃព្យាបាល ហូបចុក ព្យាបាលគឺសម្តេចតេជោជាអ្នកទទួលរ៉ាប់រងទាំងអស់ ដោយធ្វើ​យ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានសុខភាពល្អ៕

ដោយ លឹម សាន្ត