សណ្ឋាគារមេម័រ ផាលេស ខេត្តសៀមរាបជាប់ជ័យលាភី សណ្ឋាគារបៃតងអាស៊ាន នៅវេទិកា​ទេសចរណ៍អាស៊ានឆ្នាំ២០២០ ដែលធ្វើឡើងក្នុងប្រទេសព្រុយណេ

AKP សៀមរាប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ — សណ្ឋាគារមេម័រ ផាលេស ជារីសតមួយដែលស្ថិតនៅក្នុងខេត្តសៀមរាបដែលត្រូវបាន​ភ្ញៀវ​​ជាតិ និងអន្តជាតិទទួលស្គាល់យ៉ាងច្រើនថា ជាសណ្ឋាគារមួយដែរមានមហិច្ចតា​ខ្លាំងទៅ​លើ​ការថែទាំជុំវិញបញ្ហាបរិស្ថានដោយគ្មានការប្រើប្រាស់ថង់ប្លាស្ទិកជាពិសេសនៅក្នុងរីសតផ្ទាល់។ ក្នុងឆ្នាំ២០១៩កន្លងមកនេះ សណ្ឋាគារមេម័រ បានបំបែកកំណត់ត្រាក្នុងការសន្សំ​ដបប្លាស្ទិក​រហូតដល់២០០,០០០ដប ហើយក៏មានការរំពឹងទុកកទ្វេដងអំពីកំណើនសម្រាប់គោលដៅ​ឆ្នាំ២០២០នេះផងដែរ។ ទន្ទឹមនេះ អ្វីដែលកាន់តែអស្ចារ្យ និងមោទនភាពនោះគឺ សណ្ឋាគារ​មេម័រ ផាលេសរីសតត្រូវបានជាប់ជ័យលាភី សណ្ឋាគារបៃតងអាស៊ាន នៅវេទិកាទេសចរណ៍​អាស៊ាន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលស្ថិតនៅក្នុងប្រទេសព្រុយណេ ដែលជា​សមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ ដោយសារតែចក្ខុវិស័យ និង​មហិច្ឆ​តារបស់ក្រុមហ៊ុនមេម័រ ដើម្បីក្លាយជារមណីយដ្ឋានមួយមានលក្ខណៈបៃតង គ្មានការ​ប្រើ​ប្រាស់ដបប្លាស្ទិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីទៅកាន់ពិភពលោកទាំងមូល​ផងដែរ។

លោក សេង សេរីវុទ្ធ ប្រធានផ្នែកទីផ្សា នៅសណ្ឋាគារមេម័របានឱ្យដឹងថា សណ្ឋាគារ​មេម័រ​តែងតែយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែបញ្ហាបរិស្ថាន ប៉ុន្តែថែមទាំងសកម្មទៅលើការ​ងារសង្គមដែលហៅកាត់ថា “ Corporates Social Responsibilities”។ លោកបន្ដថា​កាលពី​ចុងឆ្នាំ២០១៩ ដើមឆ្នាំ២០២០នេះ សណ្ឋាគារមេម័របានប្រមូលថវិកាចំនួន ៣៧,០៤៨​ដុល្លារ​អាម៉េរិក​ក្នុងរាត្រីបុណ្យឆ្លងឆ្នាំសកលនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ដោយមានការ​ចូល​រួមរបស់​សប្បុរសជនជាតិ អន្តរជាតិ ជាពិសេសក្រោមការផ្តួចផ្តើមយ៉ាងពេញ​ទំហឹង​ពីសំណាក់ ហាងគ្រឿងអលង្ការត្បូងពេជ្រ ជាងបាក់វណ្ណហុង  ទៅកាន់មន្ទីរពេទ្យកុមារអង្គរដែរកំពុងជួប​ប្រទះការខ្វះខាត៕

ដោយ ឃុត សៅ