មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានគូសបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ និង​តាមបណ្តា​ខេត្តនានាបាននិងកំពុងវិលមករកភាពល្អប្រសើរឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ​ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា យោងតាមលទ្ធផលនៃការអង្កេតតាម​ដាន​គុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើង​នៅ​រាជធានី និងខេត្តទូទាំងប្រទេសបានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់បាន ​និង​កំពុង​វិលមករកភាពប្រសើរឡើងវិញហើយដែលកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅស្ថិតក្នុងរង្វង់ស្តង់ដារ។ ទន្ទឹមនេះ ក្រុមមន្ត្រី​ជំនាញ​ផ្នែកគុណ​ភាពខ្យល់ក្រសួងបរិស្ថាននៅតែបន្តតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើមានការវិវឌ្ឍថ្មីៗយ៉ាងណា ក្រសួងនឹងជូនដំណឹងជូនដល់ប្រជាពលរដ្ឋបាន​ជ្រាប។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នក​នាំពាក្យ​ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០នេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា យោងតាម របាយការណ៍ត្រួតពិនិត្យគុ​ណ​ភាព​ខ្យល់នៅទូទាំងប្រទេសរហូតមកដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករានេះ កំហាប់ភាគ​ល្អិតនិចលក្នុងខ្យល់មានការធ្លាក់ចុះតំបន់ខ្លះធ្លាក់មកក្រោមស្តង់ដារកំណត់ និងកន្លែង ខ្លះធ្លាក់​មកក្នុងរង្វង់ស្តង់ដារកំណត់។ ឯកឧត្ដមបានពន្យល់ថា ការធ្លាក់ចុះនៃកំហាប់ភាគល្អិត​និចល​នេះគឺដោយសារតែមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមអប់រំផ្សព្វផ្សាយពីវិធានការចាំបាច់នានា។ ឯកឧត្ដមរដ្ឋលេ​ខាធិការ​បានគូសបញ្ជាក់ទៀតថា នេះគឺជាដំណឹងដ៏ ល្អដែលនឹងផ្តល់ទំនុកចិត្តដល់ប្រជា​ពលរដ្ឋ​លើគុណភាពខ្យល់នៅកម្ពុជា។ ឯកឧត្តមបានថ្លែងថា បើទោះបីជាពេលនេះ កំហាប់​ភាគ​ល្អិតនិចលដែលមានទំហំតូចជាងសរសៃសក់ ១០ដងទៅទៀតមានការធ្លាក់ចុះ ហើយ​ស្ថានភាពគុណភាពខ្យល់ជារួមមានការប្រសើរឡើងក៏ពិតមែន ប៉ុន្តែមន្ត្រីជំនាញនៃ​ក្រសួង​បរិស្ថាន មន្ទីរបរិស្ថាននៅតាមបណ្តារាជធានី ខេត្តទាំងអស់នៅតែបន្តតាមដាន និងចាត់វិធាន​ការតាមការណែនាំរបស់ក្រសួងជាប្រចាំដើម្បីធានាថាស្ថានភាពគុណភាពខ្យល់មានគុណភាពល្អប្រសើរឡើងវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងទៀតថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះ​មាន​នៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុ នៃអនុតំបន់ទន្លេមេ​គង្គមានភាពស្ងួតហួតហែង។ ជាមួយគ្នានេះ ប្រភពនិងសកម្មភាពសំខាន់ៗដែលជា ហេតុ​បង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមនានជាអាទិ៍​ការបញ្ចេញ​ផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេង​​ទៀត ភ្លើងឆេះ ព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

ជាមួយគ្នានេះ ដើម្បីការពារសុខភាពឱ្យបានជៀសផុតពីការបំពុលជាយថហេតុ​ណា​មួយ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តល់អនុសាសន៍ដល់បងប្អូន​ប្រជាពលរដ្ឋដែលធ្វើដំណើរ​តាមដងផ្លូវ ឬជាអ្នកដែលធ្វើការនៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ។ ឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្តបន្ទាប់នូវការវិវឌ្ឍថ្មីៗទាក់​ទងនឹងស្ថានភាពគុណភាពខ្យល់នេះដើម្បីបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការអនុវត្ត​វិធាន​ការ​ការពារឱ្យ​បានទាន់ពេលវេលា៕

ដោយ រិទ្ធី